Quantcast
Channel: ការសិក្សា –ខ្មែរស្ថាបនា
Viewing all 58 articles
Browse latest View live

ពលរដ្ឋ​ភាគ​ច្រើន​កម្រ​បើក​វចនានុក្រម​ខ្មែរ​ បើ​ភាសា​បរទេស​ប្រឹង​ខ្លាច​ខុស

$
0
0

ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​បាន​ប្រាប់​អ្នក​ណា​ម្នាក់​សរសេរ​ពាក្យ​ខ្មែរ​ខុស​ហើយ​អ្នក​សរសេរ​ខុស​នោះ​ចំអក​មក​វិញ​ថា​គាត់​មិនមែន​ជា​គ្រូ​ខ្មែរ​ទេ​នេះ​គឺជា​រឿង​ពិត​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​ដែល​ជា​បញ្ហា​ការ​ប្រើប្រាស់​ភាសា​ខ្មែរ​តាម​ទំនើង​ចិត្ត​របស់​អ្នក​សរសេរ​បែប​ «​អញ​» ​និយម​។

ចាប់​តាំង​ពី​មាន​ការ​បើក​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ពី​ដើម​ទសវត្សរ៍​ដើម​ឆ្នាំ​ ៩០ ​មក​មាន​ភាសា​​បរទេស​ដែល​ជនជាតិ​គេ​យក​មក​ប្រើ​ដូចជា​អង់គ្លេស បារាំង ចិន ថៃ កូរ៉េ និង​ជប៉ុន ជា​ដើម​ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ​ចាប់​ផ្តើម​ប្រឹងប្រែង​រៀន អាន និង​សរសេរ​ភាសា​បរទេស​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​រីឯ​ភាសា​ខ្មែរ ​ខ្លួន​ឯង​ហាក់​បី​ដូច​ជា​លែង​សំខាន់​ដោយ​យល់​ឃើញ​ថា​ភាសា​ខ្មែរ​ស្រួល​ធ្លាប់​រៀន​រួច​ហើយ និង​ភាសា​សម្រាប់​រដ្ឋាភិបាល​ប្រើប្រាស់​តែ​ប៉ុណ្ណោះ​។

ការ​ប្រើប្រាស់​ភាសា​ខ្មែរ​ក៏​ចាប់ផ្តើម​ថយ​ចុះ​បន្តិច​ម្តងៗ​កាន់​តែ​មាន​កំហុស​ច្រើន​ទៅៗ និង​ការ​ប្រើ​ឃ្លា​ឃ្លោង​ស្តាប់​មិន​បាន​ហើយ​អ្នក​អាន​លែង​ចង់​អាន​ទៀត​មក​ដល់​បច្ចុប្បន្ន​នេះ​។ តើ​ការ​សរសេរ​អក្សរ​ខ្មែរ​ចេះ​តែ​មាន​កំហុស​នេះ​មកពី​អ្នក​សរសេរ​ខ្ជិល​បើក​មើល​ពាក្យ​នៅ​ក្នុង​វចនានុក្រម​? ឬ​ក៏​ការ​ជះ​ឥទ្ធិពល​ពី​អ្នក​សរសេរ​ភាសា​ខ្មែរ​ជា​អាជីព​ហ្នឹង​សរសេរ​ខុស​ច្រើន​ពេក​ឲ្យ​គេ​អាន​?

2-Study_1

សកម្មភាព​បេក្ខជន​កំពុង​ប្រកួត​ការ​អាន​នៅ​សាលា​រៀន​អន្តរទ្វីប​អាមេរិកាំង​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ។ រូបថត តុង សុប្រាជ្

ទៅ​ណា​មក​ណា​ឥឡូវ​ឮ​តែ​គេ​អួត​គ្នា​តែ​ពី​រឿង​ចេះ​ភាសា​បរទេស​ជាពិសេស​ភាសា​អង់គ្លេស ភាសា​ខ្មែរ​កម្រ​លើក​យក​មក​ជជែក​គ្នា​ណាស់​។ ប្រសិន​បើ​សួរ​កុមារ ឬ​ក៏​យុវជន​ម្នាក់​ដែល​ចេះ​ភាសា​អង់គ្លេស​ថា​បើ​អ្នក​អាន​កាសែត​ក្នុង​ស្រុក និង​កាសែត​ជា​ភាសា​អង់គ្លេស​តើ​អ្នក​ចង់​អាន​ភាសា​ណា​ជាង​? ពេល​នោះ​គាត់​នឹង​ឆ្លើយ​ថា​សុខ​ចិត្ត​អាន​ភាសា​អង់គ្លេស​វិញ​ស្រួល​ជាង​ព្រោះ​កាសែត​ក្នុង​ស្រុក​ភាគច្រើន​សរសេរ​ឃ្លា​ឃ្លោង​មើល​មិន​យល់​គ្មាន​ខ្លឹមសារ​ហើយ​ខុស​ពាក្យពេចន៍​ច្រើន​ទៀត​បើ​អាន​ភាសា​អង់គ្លេស​អត់​ខុស​ពាក្យ​ហើយ​ងាយ​ស្រួល​មាន​រចនា​សម្ព័ន្ធ​ច្បាស់លាស់​ជាង​។ នេះ​ជា​បញ្ហា​មួយ​របស់​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ជា​អាជីព​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​អាន​មិន​ចង់​អាន​អត្ថបទ​របស់​ខ្លួន​។

ម្យ៉ាង​វិញ​ទៀត​ អ្នក​មាន​អាជីព​ជា​អ្នក​អាជីព​បកប្រែ​ភាសា​ក៏​មាន​បញ្ហា​ជះ​ឥទ្ធិពល​មក​លើ​ការ​ប្រើ​ភាសា​ខ្មែរ​ខុស​ដែរ​នេះ​គឺ​មក​ពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់ និង​គ្មាន​អ្នក​ជួយ​កែ​តម្រូវ​ភាសា​ខ្មែរ​ក្នុង​ក្រុម​ការងារ​របស់​ពួក​គាត់​។ ឧទាហរណ៍​កាលពី​ចុង​ឆ្នាំ​ទៅ​ខ្ញុំ​ត្រូវ​បាន​ស្ថានទូត​ដែល​ជា​ម្ចាស់​ជំនួយ​អញ្ជើញ​ឲ្យ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​យល់​ដឹង​អំពី ការ​ទប់ស្កាត់ ការ​បន្លំ ​និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ហើយ​ឯកសារ​ដែល​ចែក​ជូន​សិក្ខាកាម​មាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។

បើ​អាន​ឯកសារ​ភាសា​ខ្មែរ​ដែល​បកប្រែ​នោះ​គឺ​ខុស​ពាក្យ​ច្រើន​ហើយ​ការ​ប្រើ​ឃ្លា​ឃ្លោង​មិន​ត្រឹមត្រូវ​មើល​ទៅ​ហាក់បី​ដូចជា​មិន​បាន​បើក​មើល​វចនានុក្រម​ភាសា​ខ្មែរ​ហើយ​ក៏​គ្មាន​មន្ត្រី​ដែល​ជា​ជនជាតិ​ខ្មែរ​ធ្វើការ​នៅ​ស្ថានទូត​នោះ​មក​ខ្វល់ខ្វាយ​ជួយ​កែតម្រូវ ឬ​ក៏​ឲ្យ​អ្នក​បកប្រែ​ភាសា​ខ្មែរ​នោះ​កែ​តម្រូវ​ផង​ទេ។ នេះ​ក៏​ជា​បញ្ហា​អ្នក​ដែល​រកស៊ី​អាជីព​បក​ប្រែ​ក៏​ខ្ជីខ្ជា​ចំពោះ​ភាសា​ខ្មែរ​ខ្លួនឯង​ធ្វើឲ្យ​តែ​បានៗ​ចង់​អ្នក​យក​ឯកសារ​ទៅ​ប្រើ​មើល​មិន​យល់ និង​ខុស​ក៏​មិន​ខ្វល់​។

តែ​ជាទូទៅ ​អ្នក​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅ​ភាសា​អង់គ្លេស​វិញ​គឺ​ខិតខំ​ព្យាយាម​បើក​វចនានុក្រម និង​ការ​ប្រើប្រាស់​ឃ្លា​ឃ្លោង​ព្រោះ​ខ្លាច​ជនបរទេស​ដែល​ជួល​គេ​មិន​ទទួល​យក​។

ការ​សរសេរ​មិន​ត្រឹមត្រូវ​នេះ​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អាន​ដែរ ​ដែល​មិនមែន​ជា​វប្បធម៌​របស់​ខ្មែរ​ចូលចិត្ត​នោះ​បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​ Rome to Read និង​សាកលវិទ្យាល័យ​ Standford ​កាលពី​ឆ្នាំ​ទៅ​បាន​រកឃើញ​អត្រា​នៃ​ការ​អាន​របស់​សិស្ស​សាលា​នៅ​មាន​កម្រិត​ទាប​ណាស់​គឺ​បាន​តែ​ ១០ ​ភាគរយ​ទេ​ដែល​អាន​ដោយ​ខ្លួន​ឯង​ប្រចាំ​ថ្ងៃ​ហើយ​បើ​ផ្អែក​ទៅ​តាម​របាយការណ៍​ថ្នាក់​ជាតិ​បាន​បង្ហាញ​ថា​អត្រា​អក្ខរកម្ម​អាយុ​ ១៥ ​ឆ្នាំ​ឡើង​មាន​កំណើន​ ១០ ​ភាគរយ​ក្នុង​អំឡុង​ឆ្នាំ​ ១៩៩៨​-២០០៨ ប៉ុន្តែ​កំណើន​នេះ​មាន​ត្រឹម​តែ​ ២ ​ភាគរយ​ទៅ​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​ ២០០៨-២០១៣ ខណៈ​ដែល​មាន​តែ​ប្រជាជន​កម្ពុជា​ពេញ​វ័យ​ប្រមាណ​ជា​ ២,១ ​លាន​នាក់​ប៉ុណ្ណោះ​ដែល​មិន​ចេះ​អាន និង​សរសេរ​។

នោះ​ក៏​មក​ពី​មាន​ផលវិបាក​ខ្លះ​ដែរ​ដែល​លោកគ្រូ អ្នកគ្រូ​មួយ​ចំនួន​មិន​បាន​លើក​ទឹកចិត្ត​ក្នុង​ការ​អាន និង​សរសេរ​នៅ​ក្នុង​ថ្នាក់ និង​ដាក់​កិច្ច​ការងារ​នៅ​ផ្ទះ​ជាពិសេស​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​សិស្ស​ចេះ​តែ​ស្រួល​ទៅ​តាម​រយៈ​ការ​លក់​ឯកសារ​ឲ្យ​កូន​សិស្ស​ហើយ​បង្រៀន​ខ្វិចខ្វិលៗ​ដល់​ម៉ោង​ទៅ​ផ្ទះ​ចំណុច​នេះ​គឺ​កូន​សិស្ស​មិន​បាន​អនុវត្ត​ក្នុង​ការ​សរសេរ​ប្រចាំ​ថ្ងៃ​នោះទេ​។

ករណី​រិះគន់​ទាំង​នេះ​ក្រសួង​អប់រំ​ខិតខំ​ធ្វើ​កំណែ​ទម្រង់​ការ​អប់រំ​យ៉ាង​ណា​ឲ្យ​ភាសា​ជាតិ​មាន​តម្លៃ និង​ការ​ប្រើប្រាស់​ភាសា​ជាតិ​ឲ្យ​កាន់​សុក្រឹត​បន្ថែម​ទៀត​តាមរយៈ​ការ​ដាក់​បញ្ចូល​ការ​សរសេរ​តាម​អាន​ក្នុង​កម្មវិធី​សិក្សា ​និង​ប្រឡង​នៅ​កម្រិត​មធ្យម​បឋម​ភូមិ​ពី​ថ្នាក់​ទី​ ៧ ដល់​ថ្នាក់​ទី​ ៩ តាំង​ពី​ចុង​ឆ្នាំ​ទៅ​។

ស្រប​គ្នា​ទៅ​នឹង​គោល​នយោបាយ​ថ្មី​នេះ​ដែរ​មាន​សាលា​រៀន​ឯកជន​ខ្លះ​បាន​រៀបចំ​រួច​ហើយ​សម្រាប់​ពង្រឹង​ការ​សិក្សា​របស់​សិស្សានុសិស្ស​ដែល​រៀន​នៅ​សាលា​ពួកគេ​ដូចជា​នៅ​សាលារៀន​អន្តរ​ទ្វីប​អាមេរិកាំង​ (AIS) បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​ប្រចាំ​ឆ្នាំ​លើ​វិញ្ញាសា​ការ​អាន និង​ការ​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ​ប្រកួត​លើក​នេះ​គឺជា​ឆ្នាំ​ទី​ ៣ ​ហើយ​។

លោកគ្រូ ហ៊ីង សារ៉ុន ប្រធាន​ក្រុម​បច្ចេកទេស​ភាសា​ខ្មែរ​នៃ​សាលារៀន​ AIS​ បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​គោលបំណង​នៃ​ការ​ប្រកួត​ប្រជែង​លើ​វិញ្ញាសា​ការ​អាន និង​តាក់តែង​អត្ថបទ​នេះ​គឺ​ក្នុង​ការ​ចង់​ពង្រឹង​បន្ថែម​នូវ​គុណភាព​ភាសា​ជាតិ​តាមរយៈ​ការ​អាន ​និង​សរសេរ​នេះ​។

ការ​ប្រឡង​ចែកចេញ​ជា​ ២ ​ក្រុម​គឺ​ក្រុម​ថ្នាក់​ទី​ ៧-ទី​ ៩ និង​ក្រុម​ថ្នាក់​ទី​ ១០-ទី​១២ ដំណើរ​ការ​នៃ​ការ​ប្រឡង​ចែក​ចេញ​ជា​ ៣ ​ដំណាក់កាល​គឺ​ទី​ ១) ការ​ប្រឡង​អាន​ដូច​លោក​បាន​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់ ទី​ ២) គឺ​វិញ្ញាសា​ជាច្រើន​ឲ្យ​ជ្រើសរើស​សរសេរ ទី​ ៣) ​ចុងក្រោយ​គឺ​ការ​កំណត់​ម៉ោង​ឲ្យ​សរសេរ​ភ្លាម និង​សួរ​ភ្លាម​។ រីឯ​ជយលាភី​បាន​ពាន​រង្វាន់ ម៉េងលី ជេ គួច និង​ការ​បញ្ចុះ​តម្លៃ​ការ​សិក្សា​ពី​ ៥០ ​ភាគរយ​រហូត​ដល់​ ១០០ ​ភាគរយ​ហើយ​ក៏​មាន​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ​សម្រាប់​កូន​សិស្ស​»​។

សំណួរ​សួរ​ថា​សាលា​ឯកជន​មាន​ថវិកា​ធ្វើការ​ប្រកួត​ដូច្នេះ​បាន​ចុះ​សាលា​រដ្ឋ​ធ្វើ​បាន​ដែរ​ឬ​អត់​បើ​រដ្ឋ​គ្មាន​ថវិកា​ចំណាយ​ដូច​នេះ​? ចម្លើយ​គឺ​អាច​ធ្វើ​បាន​ដោយ​សាលា​រដ្ឋ​ដាក់​សំណើ​សុំ​ទៅ​តាម​អង្គការ​ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ណា​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ជួយ​ជា​រង្វាន់​លើក​ទឹកចិត្ត​ដល់​កុមារ​ក្នុង​ការ​ប្រកួត​អាន និង​ការ​សរសេរ​អត្ថបទ​ភាសា​ខ្មែរ​។ តែ​មាន​ករណី​ខ្លះ​កន្លង​មក​សាលា​រៀន​ខ្លះ​នៅ​មិន​ទាន់​បើក​ចិត្ត​ឲ្យ​ទូលាយ​នូវ​ការ​ទទួល​យក​ជា​រង្វាន់​ជួយ​ដល់​សិស្ស​ពូកែ​នោះ​ទេ​ដូចជា​ថ្មីៗ​នេះ​មាន​ការ​ត្អូញត្អែរ​ពី​ស្ថាប័ន​ធនាគារ​ឯកជន​មួយ​បាន​ដាក់​សំណើ​សុំ​ទៅ​សាលា​រដ្ឋ​ដើម្បី​ជួយ​ផ្តល់​ជា​រង្វាន់​ដល់​សិស្ស​ដែល​រៀន​ពូកែ​មាន​ចំណាត់​ថ្នាក់​ពី​លេខ​ ១ ​ដល់​លេខ​ ៥ តែ​មាន​ការ​សោកស្តាយ​ដោយ​លោក​នាយក​សាលា​ប្រាប់​ទៅ​មន្ត្រី​ធនាគារ​វិញ​ថា​សូម​ទៅ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​អប់រំ​ទៅ​។

លទ្ធផល​នេះ​គឺជា ​របាំង​មួយ​ដែល​នៅ​មាន​លក្ខណៈ​សាំញ៉ាំ​នៅ​ឡើយ​សម្រាប់​សាលា​រៀន​មួយ​ចំនួន​។

ចំពោះ​កំណែ​ទម្រង់​ភាសា​ខ្មែរ​នេះ​ក្រសួង​អប់រំ​ទទួល​យក​ការ​បង្កើត​ពាក្យ​ថ្មីៗ និង​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​របស់​វិទ្យាស្ថាន​ភាសា​ជាតិ និង​មាន​ការ​អនុម័ត​ឲ្យ​ប្រើប្រាស់​រាល់​ភាសា​ជាតិ​ពី​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​ដែល​ស្ថិត​នៅ​ក្រោម​រាជបណ្ឌិត្យ​សភា​កម្ពុជា​មក​អនុវត្ត​នៅ​តាម​សាលា​រៀន​។ សំណួរ​ថា​តើ​ពួកគាត់​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​?

តាមរយៈ​សាស្ត្រាចារ្យ វង្ស មេង អនុប្រធាន​វិទ្យាស្ថាន​ភាសា​ជាតិ​បាន​មាន​ប្រសាសន៍​ថា​៖ «​វិទ្យាស្ថាន​បាន​រៀបចំ​បង្កើត​ពាក្យ​ថ្មីៗ និង​ពន្យល់​បន្ថែម​ឲ្យ​កាន់តែ​ងាយ​យល់​ទៅ​លើ​វចនានុក្រម សម្តេចសង្ឃ ជួន ណាត ដែល​មាន​មេពាក្យ​ប្រមាណ​ជា​ ២ ​ម៉ឺន​ពាក្យ​ហើយ​ដែល​កាលណោះ​វិទ្យាស្ថាន​បាន​អនុម័ត្រ​នូវ​វចនានុក្រម​ភាសា​ខ្មែរ​បាន​ដល់​ទៅ​ជាង​ ៤ ​ម៉ឺន​មេពាក្យ​ហើយ​ក៏​បាន​ផ្សព្វផ្សាយ​តាំងពី​ឆ្នាំ​ ២០០៥ ​។ តែ​ដោយសារ​ថវិកា​មាន​កំណត់​គឺ​បោះពុម្ព​លើ​ទី​ ១ ​បាន​ចំនួន​ប្រមាណ​ជា​ ២ ​ពាន់​ក្បាល​ចែក​ជូន​តាម​ស្ថាប័ន​ក្រសួង មន្ទីរ​តាម​ខេត្ត និង​រាជធានី​ទូទាំង​ប្រទេស និង​ផ្សព្វផ្សាយ​តាម​វេបសាយ ww.nckl.gov.kh និង​ក្រុមហ៊ុន​ជួយ​បោះពុម្ព​សរុប​ចំនួន​ ៣ ​ពាន់​បន្ថែម​ឲ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​»។​

លោក​សាស្ត្រាចារ្យ​បាន​រំឭក​ពី​ប្រើ​ពាក្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​គឺ​ការ​ប្រើ​ពាក្យ​ដែល​មាន​ពាក្យ​ដើម​របស់​វា​អ្វី​ជា​ព្យាង្គ​តម្រួត ឬ​ក៏​ព្យាង្គ​​រាយ​ឧទាហរណ៍​ដូចជា​ប្រើ​ពាក្យ​ព្យាង្គ​តម្រួត​ត្រឹម​ត្រូវ «​សម្រប​សម្រួល​» មក​ពី​ឫស​ដើម​របស់​វា​គឺជា​មក​ពី​ពាក្យ​ «​ស្រប​» និង​ «​ស្រួល​» ​។

រីឯ​ ពាក្យ​ថា ​ព្យាង្គ​រាយ​ត្រឹមត្រូវ «​ជំងឺ​» មក​ពី​ឫស​ដើម​របស់​វា​គឺ​ជា​ពាក្យ​ «​ឈឺ​» ​ហើយ​ថ្មីៗ​នេះ​ការ​ឈប់​លែង​ឲ្យ​ប្រើ​សញ្ញា​ផាត់​លើ​ពាក្យ​ទី​ ២ ​ដែល​មាន​ជើង​ព្យញ្ជានៈ​ «​ ័» ដូចជា​ពាក្យ​ត្រឹមត្រូវ «​ទូរសព្ទ​» «​សញ្ញាបត្រ​» និង​ «​វិក្កយបត្រ​» តែ​ក៏​មាន​ករណី​លើក​លែង​ខ្លះ​ដែរ ដែល​ការ​លុប​ពាក្យ​នោះ​ធ្វើឲ្យ​ច្រឡំ​គ្នា​អ៊ីចឹង​ទុក​សញ្ញា « ័» ​ឲ្យ​នៅ​ដដែល​ដូចជា​ពាក្យ «​ប្រព័ន្ធ​»និង​«​ប្រពន្ធ​» ត្រឹមត្រូវ​ដូច​គ្នា​តែ​ន័យ​ខុស​គ្នា​គឺ​ទុក​ឲ្យ​នៅ​ដដែល​ដូច​មុន​ហើយ​លោក​ក៏​បាន​រិះគន់​ការ​ប្រើ​ឃ្លា​មិន​ត្រឹម​ត្រូវ​របស់​ពិធីករ​ទូរទស្សន៍​ខ្លះ​ដូចជា​ឃ្លា​មិន​ត្រឹមត្រូវ «​អរគុណ​ចំពោះ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​» ឃ្លា​ដែល​ត្រឹមត្រូវ​គឺ​គ្មាន​ពាក្យ​«​ចំពោះ​» ​ទេ​គឺ​ «​អរគុណ​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​»​។

នេះ​គឺជា​ការ​ហាត់​ចំណាំ​ការ​ប្រើ​ភាសា​ខ្មែរ​ដូច​គ្នា​ទៅ​នឹង​ភាសា​បរទេស​ដែល​មាន​ករណី​លើកលែង និង​ការ​បង្កើត​ពាក្យ​ថ្មីៗ​របស់​គេ​ដែរ​។ តែ​អ្នក​ប្រើ​ភាសា​ភាគច្រើន​ខំប្រឹង​តែ​បើក​មើល​កែ​តម្រូវ​តែ​ភាសា​បរទេស​ដោយ​មិន​សូវ​ខ្វល់ខ្វាយ​រឿង​ភាសា​ជាតិ​នោះ​ទេ​។

ជាង​នេះ​ទៅ​ទៀត​លោក​សាស្ត្រាចារ្យ សន ពៅ អគ្គលេខាធិការ​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា​៖ «​ក្រុម​ប្រឹក្សា​នេះ​មាន​អ្នក​ជំនាញ​គ្រប់​ស្ថាប័ន​ដើម្បី​ជួយ​សម្រួល​វិទ្យាស្ថាន និង​ជា​ស្ថាប័ន​អនុម័ត​លើ​ការ​បង្កើត​ពាក្យ​ថ្មី និង​ពន្យល់​បន្ថែម​ធ្វើ​យ៉ាង​ណា​ឲ្យ​ភាសា​ជាតិ​កាន់​ប្រសើរ​ឡើង​បើ​ទោះបី​ជា​ពេល​ខ្លះ​យើង​ក៏​ខ្ចី​ពាក្យ​បច្ចេកទេស​ពី​គេ​មក​ប្រើ​ផង​ដែរ​ដូចជា កុំព្យូទ័រ វេបសាយ និង​យេនឌ័រ ជាដើម​។ មុន​នឹង​អនុម័ត​នៅ​លើ​ក្រុម​ប្រឹក្សា​ពិនិត្យ​អនុវត្ត​ទៅ​តាម​នីតិវិធី​សំខាន់​នោះ​គឺ​ការ​ចេញ​ជា​ព្រឹត្តិបត្រ និង​សទ្ទានុក្រម​សិន​ដើម្បី​ឲ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​គ្រប់​ស្រទាប់​វណ្ណៈ​មុន​នឹង​ធ្វើការ​ចងក្រង​ជា​វចនានុក្រម​។ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រុម​ប្រឹក្សា​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បោះពុម្ព​ចំនួន​ឲ្យ​បាន​ច្រើន​នៅ​ឡើយ​ទេ​ទាំង​ជា​ព្រឹត្តិបត្រ​ទាំង​សទ្ទានុក្រម និង​ទាំង​វចនានុក្រម​ថ្មី​នៅ​ឡើយ​ទេ​គឺ​បាន​ត្រឹមតែ​ចែក​រំលែក​បង្ហោះ​តាម​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ​​»។

ចំពោះ​ការ​ប្រើ​ពាក្យ​ថ្មីៗ និង​ឃ្លាឃ្លោង​ក្នុង​ការ​តាក់តែង​ច្បាប់​គោល​នយោបាយ គោលការណ៍​ណែនាំ ឬ​ក៏​សំបុត្រ​ស្នាម​បាន​ត្រឹមត្រូវ​គឺ​មាន​សរសើរ​ពី​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ក្រសួង និង​ស្ថាប័ន​នានា​នៅ​ថ្នាក់​ក្រោម​ជាតិ​ចំពោះ​រាល់​ឯកសារ​ដែល​ចេញ​ពី​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ.ជ.អ.ប​) កម្រ​ខុស​ណាស់​ជាពិសេស​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​សរសើរ​ស្ថាប័ន​នេះ​នៅក្នុង​អង្គ​សិក្ខាសាលា​មួយ​កាលពី​ឆ្នាំ​កន្លង​ទៅ​ថា​៖ «​បើ​ភាសា​អង់គ្លេស​ខុស​មិន​ជា​អ្វី​ទេ​តែ​បើ​ប្រើ​ភាសា​ខ្មែរ​ជាតិ​ឯង​ខុស​បាន​ជា​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​មែនទែន​។ តែ​រាល់​ឯកសារ​របស់​ គ.ជ.អ.ប ​បាន​សរសេរ និង​តាក់តែង​មាន​ភាព​រលូន​ហើយ​មិន​ខុស​ពាក្យ និង​ងាយ​យល់​»​។

សរុប​មក​វិញ​បញ្ហា​ជា​ចំណុច​ចម្បងៗ​គឺ​មាន​តែ​ ៣ ​ទេ​ដែល​ជា​របាំង​ក្នុង​ការ​អភិវឌ្ឍ​ភាសា​ខ្មែរ​នោះ​គឺ​ទី​ ១) ការ​រក​ថវិកា​មក​បោះពុម្ព​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​វចនានុក្រម​ថ្មីៗ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​គឺ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មិន​ខ្វះ​ថវិកា​សម្រាប់​ការ​ធ្វើការ​បោះពុម្ព​ និង​ផ្សព្វផ្សាយ​គឺ​បើ​គ្រាន់តែ​យក​ថវិកា​ដែល​រឹបអូស​បាន​ពី​អតីត​មន្ត្រី​ពុករលួយ​ និង​ជួញដូរ​គ្រឿងញៀន​ដូចជា ទណ្ឌិត ហេង ពៅ ទណ្ឌិត អាំង ម៉ាលតី ទណ្ឌិត ម៉ឹក ដារ៉ា ជាដើម​ដោយ​យក​ថវិកា​ទាំង​នោះ​យក​មក​ប្រើប្រាស់​សម្រាប់​ការ​អភិវឌ្ឍ​ភាសា​ជាតិ​បាន​យ៉ាង​ស្រួល​។

ទី​ ២) ពង្រីក​ការ​ផ្សព្វផ្សាយ​ឲ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​ពី​អ៊ីនធឺណិត ឬ​ក៏​បណ្តាញ​សង្គម​បញ្ចូល​ក្នុង​កម្មវិធី​ក្នុង​កុំព្យូទ័រ​ហើយ​ជាពិសេស​តាមរយៈ​ទូរទស្សន៍ និង​កាសែត​អ្នក​បកប្រែ​ភាសា អ្នក​ស្រាវជ្រាវ លោកគ្រូ-អ្នកគ្រូ​ដែល​ជា​អ្នក​ដើរ​តួ​សំខាន់​ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ឲ្យ​ត្រឹមត្រូវ​។

ទី​ ៣) បើ​ទោះបី​ជា​យើង​ចូលរួម​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ដែល​ប្រើ​ភាសា​អង់គ្លេស​ក៏ដោយ​ក៏​យើង​ជួយ​ដាស់​តឿន​គ្នា​ឲ្យ​កែប្រែ​ឥរិយាបថ​ទាំងអស់​គ្នា​ម្នាក់​បន្តិចៗ​ឲ្យ​ប្រើប្រាស់​វចនានុក្រម និង​ហ៊ាន​រិះគន់​គ្នា​អ្នក​ដែល​ប្រើ​ពាក្យ​ខ្មែរ​ខុស​៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


និស្សិត​មួយ​ក្រុម​ចែក​អាហារ​ដល់​ក្មេង​អនាថា​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ថ្ងៃ​ទិវា​ក្តី​ស្រឡាញ់

$
0
0

និស្សិត​ប្រមាណ​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ បាន​យក​ចំណី​អាហារ​មាន​ដូចជា នំ​បុ័ង ផ្លែ​ឈើ និង​អាហារ​ផ្សេង​ទៀត ទៅ​ចែក​ជូន​កុមារ​អនាថា​ជិត ៣០០​នាក់ នៅ​អង្គការ​ផ្ទះ​បាយ​កុមារ ស្ថិត​ក្នុង​សង្កាត់​ទួលទំពូងទី១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។

ការ​បង្កើត​វប្បធម៌​ចែក​រំលែក​ចំណី​អាហារ និង​សម្ភារៈ​សិក្សា​នេះ នៅ​ស្រប​ពេល​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា លើក​ទឹក​ចិត្ត​យុវជន ឲ្យ​ធ្វើ​សកម្មភាព​ជា​វិជ្ជមាន​សម្រាប់​ខ្លួន និង​សង្គម។

និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ យក​ទិវា​នៃ​ក្តី​ស្រឡាញ់ បង្កើត​ជា​កម្មវិធី​ចែក​អាហារ សៀវភៅ ប៉ិច និង​សម្ភារៈ​សិក្សា​ផ្សេងៗ​ជូន​កុមារ​អនាថា​ដែល​គ្មាន​ឪពុក​ម្ដាយ និង​បាត់​ឱកាស​សិក្សា ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ផ្តល់​ភាព​កក់ក្តៅ ក្នុង​ន័យ​បញ្ជាក់​ថា កុមារ​ទាំង​នោះ​មិន​ឯកា​ឡើយ។

កុមារី​ដែល​មាន​មាឌ​តូច​ល្អិត សក់​រួញ​អង្គាដី សម្បុរ​ស្រអែម និង​ជា​អតីត​អ្នក​សុំ​ទាន​នៅ​ម្តុំ​ស្តុប​កាណាឌីយ៉ា និយាយ​ថា នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​មាន​និស្សិត​ប្រុស​ស្រី យក​អាហារ បាយ​ទឹក នំ​ចំណី ត្រី​សាច់ និង​សម្ភារៈ​សិក្សា​ផង​នោះ មក​ចែក​ឲ្យ​នាង និង​ក្មេង​ដទៃ​ផ្សេង​ទៀត។ ការ​ចែក​រំលែក​នេះ បណ្ដាល​ឲ្យ​នាង​ទទួល​អារម្មណ៍​ថា នាង​មាន​ភាព​កក់ក្តៅ មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្វាយខ្វល់​ពី​នាង និង​នាង​ចង់​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត កុំ​មាក់ងាយ​នាង និង​កុមារ​អនាថា​ដទៃ​ទៀត៖ «កាល​ពី​មុន ពួក​ខ្ញុំ​អ្នក​សុំ និង​រើស​អេតចាយ។ កាល​នៅ​តូចៗ ដល់​ពេល​មក​ទីនេះ គាត់​ឲ្យ​លុយ​ទៅ​រៀន​ខ្មែរ ទៅ​រៀន​អង់គ្លេស មួយ​ថ្ងៃ​ពីរ​ពាន់ និង​គាត់​ឲ្យ​អង្ករ។ ចឹង​ទៅ​ពួក​ខ្ញុំ​អត់​ខ្វះខាត​ទៀត​ទេ។ ចង់​លេង​ជាមួយ​ពួក​គាត់​បាន​យូរ និង​ចង់​ឲ្យ​ពួក​គាត់​មក​រាល់​ឆ្នាំ»

និស្សិត​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ការ​បង្រៀន កញ្ញា មាស ស៊ីណាន លើក​ឡើង​ថា ការ​យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ធ្វើ​សកម្មភាព​សប្បុរសធម៌ និង​ការ​បណ្ដុះ​វប្បធម៌​នៃ​ការ​ឲ្យ​សៀវភៅ និង​សម្ភារៈ​សិក្សា​នេះ គឺ​ជា​ទស្សនទាន​មួយ​ដែល​ល្អ​ប្រសើរ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​កុមារ​តូចៗ​នៅ​តាម​ភ្លើង​ស្តុប គំនរ​សំរាម និង​កុមារ​អនាថា​ដទៃ​ផ្សេង​ទៀត គឺ​ជា​ជ្រុង​នៃ​គំនិត​មួយ ដែល​បង្ហាញ​ពី​ការ​មិន​រើសអើង​ចំពោះ​កុមារ និង​ចង់​បង្ហាញ​ថា កុមារ​ជា​សរសៃ​ឈាម​សំខាន់​ចំពោះ​សង្គម​ជាតិ ក្នុង​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។ កុមារ​គួរ​តែ​ត្រូវ​បាន​ការ​គាំពារ​ពី​គ្រួសារ រដ្ឋាភិបាល និង​មនុស្ស​ជុំវិញ ដើម្បី​កុមារ​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ៖ «ខ្ញុំ​សង្ឃឹម​ថា វា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​អាច​ផ្លាស់ប្ដូរ​យុវជន​មួយ​ចំនួន កុំ​ឲ្យ​គាត់​យក​ថ្ងៃ​នេះ​ទៅ​ប្រព្រឹត្ត​រឿង​ផ្សេង។ ក្តី​ស្រឡាញ់​មាន​ច្រើន។ ចឹង​យើង​អាច​យក​ក្តី​ស្រឡាញ់​ហ្នឹង​ទៅ​ចែក​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​យើង ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​ក្រីក្រ​ជាង​យើង»

កញ្ញា​បន្ថែម​ថា កម្ពុជា ត្រូវ​ធ្វើ​ជា​កន្លែង​មួយ​ដែល​អាច​ផ្តល់​ឱកាស​ជូន​កុមារ​អនាថា​គ្រប់​រូប ផ្តល់​អាហារ​ទទួល​ទាន​ដែល​មាន​អនាម័យ​ល្អ មាន​សេវា​ថែទាំ​សុខភាព បណ្ដុះ​ឲ្យ​ក្មេង​មាន​ភាព​ឆ្លាតវៃ និង​ទទួល​បាន​សេវា​នៃ​ការ​អប់រំ​ដែល​មាន​គុណភាព។

ប្រធាន​អង្គការ​ផ្ទះ​បាយ​កុមារ លោក ង៉ូវ ឆីវ មាន​ប្រសាសន៍​ថា ការ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា​មក​ចែក​ដល់​កុមារ​កំព្រា​នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ជា​កាដូ​លួង​ចិត្ត​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ចំពោះ​ក្មេង​អនាថា ដែល​បាត់​ឱកាស​សិក្សា និង​គ្មាន​អាណាព្យាបាល​ថែទាំ​ត្រឹមត្រូវ​ដូច​ក្មេង​ដទៃ​ផ្សេង​ទៀត៖«សេចក្តី​ត្រូវ​ការ​របស់​កុមារ គឺ​ក្តី​ស្រឡាញ់។ ការ​យល់​របស់​គេ​ចំពោះ​កុមារ ជំនួយ​ជា​សម្ភារៈ​សិក្សា​ល្អ​ហើយ ប៉ុន្តែ​សំខាន់​ជាង​នេះ គឺ​ក្តី​ស្រឡាញ់​ចំពោះ​កុមារ។ ពួក​គេ​មក​រៀប​បាយ​ទឹក​សម្រាប់​កុមារ»

លោក​បន្ថែម​ថា នៅ​ក្នុង​អង្គការ​របស់​លោក គឺ​មាន​ក្មេង​អនាថា​ជាង ៤០០​នាក់ ដែល​មក​ទទួល​ទាន​អាហារ​រាល់​ថ្ងៃ និង​កុមារ​ខ្លះ លោក​បាន​ផ្តល់​ឱកាស​ឲ្យ​ទទួល​បាន​ការ​សិក្សា​ច្បាស់លាស់។ កុមារ​ទាំង​នោះ កុមារ​ខ្លះ​ស្នាក់​នៅ​ក្នុង​អង្គការ​របស់​លោក ប៉ុន្តែ​កុមារ​ខ្លះ​ទៀត គ្រាន់​តែ​មក​ទទួល​អាហារ​ប្រចាំ​ថ្ងៃ​នៅ​អង្គការ​របស់​លោក​តែ​ប៉ុណ្ណោះ។

ក្រសួង​វប្បធម៌ និង​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​ចេញ​សេចក្តី​ប្រកាស​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការ​បណ្ដុះ​នូវ​វប្បធម៌​ចែក​ចាយ និង​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ដែល​កើត​ចេញ​ពី​សន្តាន​ចិត្ត​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ខ្លួន មាន​ជាអាទិ៍ ក្រុម​គ្រួសារ ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូន​ចៅ កុមារ​អនាថា និង​ចំពោះ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា មាន​ជា​រួម ជន​ពិការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​ក្រីក្រ​ដែល​រស់​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ក្មេង​អនាថា​ដែល​គ្មាន​ឱកាស​សិក្សា។ ប្រការ​ដែល​សំខាន់ ដើម្បី​ឲ្យ​ក្មេងៗ​បាន​ចូល​រៀន គឺ​ត្រូវ​មាន​ការ​ចូលរួម​លើក​ចិត្ត​កុមារ​ពី​ឪពុក​ម្តាយ​របស់​កុមារ​ផ្ទាល់។ ពួក​គាត់​ត្រូវ​តែ​តាំង​ចិត្ត និង​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​រៀន។

ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ នៅ​កម្ពុជា ត្រូវ​បាន​កាសែត​បរទេស​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ជា​ថ្ងៃ​ដ៏​គ្រោះថ្នាក់​សម្រាប់​យុវជន ដោយសារ​យុវជន​យុវនារី​មួយ​ចំនួន បាន​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាប់​បញ្ជាក់​ពី​សេចក្តី​ស្នេហា​របស់​ខ្លួន និង​យុវជន​ខ្លះ ឈាន​ដល់​ការ​រួម​ភេទ​ក៏​មាន។

នៅ​ភ្នំពេញ ទិវា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បង្កើត​កម្មវិធី​សប្បុរសធម៌​នានា​ក្នុង​គោលដៅ​បណ្ដុះ​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ពិសេស​ក្មេង​កំព្រា និង​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​ក្រីក្រ​លំបាក៕

572047b6-d514-4490-b477-16e7e631045e

និស្សិត​មួយ​ក្រុម យក​ចំណី​អាហារ​មាន​ដូចជា នំ​បុ័ង ផ្លែ​ឈើ និង​អាហារ​ផ្សេង​ទៀត ទៅ​ចែក​ជូន​កុមារ​អនាថា​ជិត ៣០០​នាក់ នៅ​អង្គការ​ផ្ទះ​បាយ​កុមារ ស្ថិត​ក្នុង​សង្កាត់​ទួលទំពូងទី១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Sireymuny

ប្រភពៈ RFA

ឱកាស​អាហារូបករណ៍ និង ​ការងារពី​ សិង្ហបុរី

$
0
0

សហគមធនាគារ​ក្នុង​ប្រទេសសិង្ហបុរី (ABS) បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញាប័ត្រ​ដែល​មាន​ភ្ជាប់​មក​ជាមួយនឹង​ឱកាស​ការងារ ទៅដល់​ក្រុម​និស្សិត​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីហ្វ្រិក​ចំនួន ១៥ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ។

អាហារូបករណ៍​នេះ​មាន​ឈ្មោះ Dr. Goh Keng Swee Scholarship​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជាការ​រំលឹក​ទៅ​ដល់​គុណូប​ការៈ​របស់​លោកបណ្ឌិត Goh Keng Swee ​អតីត​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​របស់​ប្រទេស​ សិង្ហបុរី ដែល​បាន​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​រហូត​ក្លាយ​ទៅជា​កូន​ខ្លា​មួយ​នៅ​ក្នុង​ចំណោម​កូន​ខ្លាអាស៊ីទាំងបួន (សិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង)។

អាហារូបករណ៍​នេះគ្រប់ដណ្តប់​ទៅ​លើ​ថ្លៃសិក្សារយៈពេល​ពី ៣ ទៅ ៤ ឆ្នាំ ថ្លៃ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ និង ប្រាក់ចំណាយ​ប្រចាំឆ្នាំចំនួន ៦៥០០ ដុល្លារសិង្ហបុរី (៤ ៦៨០ ដុល្លារអាមេរិក)។

គួរ​កត់​សម្គាល់​ផងដែរថា នៅពេល​ដែល​ក្រុម​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើសបាន​ទៅដល់​ប្រទេស សិង្ហបុរី ពួកគេ​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់ចំនួន ២០០ ដុល្លារ​សិង្ហបុរី។

បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើការរយៈ​ពេល​ ៣ ​ឆ្នាំ​នៅក្រុម​ហ៊ុន​នៅឯ​ប្រទេស ​សិង្ហបុរី ឬ ក្រុម​ហ៊ុន​របស់​វិនិយោគិន​សិង្ហបុរី​ក្នុង​ប្រទេស​កម្ពុជា។

ដើម្បីទទួល​បាន​អា​ហារូបករណ៍​នេះ បេក្ខជន​ត្រូវ​តែជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​អាស៊ីប៉ាស៊ីហ្វ្រិក​​ដែល ABS បាន​កំណត់ អាចបង្ហាញភាព​ជា​អ្នក​ដឹកនាំខ្ពស់ មាន​លទ្ធផល​ការងារ​ល្អ​ទាំង​នៅ​ក្នុង​ការសិក្សា​ និងក្នុង​សង្គម បំពេញ​លក្ខខណ្ឌ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដូច​ជា National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU) and Singapore University of Technology and Design (SUTD) និង​ធ្លាប់​បាន ឬកំពុង​តែ​ប្រលេង​តេស្ត​អន្តជាតិ SAT ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់collegereadiness.collegeboard.org/sat

ការ​ទទួលពាក្យ​នឹង​ចាប់​ផ្តើមពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ និង​ដាក់​ពាក្យ​ សូម​ចូល​ទៅ​កាន់ ​​http://www.abs.org.sg/dr-goh-keng-swee-scholarship

singapore-student

ប្រភពៈ postkhmer

ក្រសួង​អប់​រំគ្រោង​បង្កើត​បណ្ណាល័យ​នៅ​តាម​សាលានិង​សហគមន៍បន្ថែម​ទៀតដើម្បី​លើកកម្ពស់​​ការ​អាន

$
0
0

រដ្ឋមន្រ្តីក្រ​សួង​អប់​រំ យុវជន និង​កីឡានិង​ដៃ​គូអភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​គ្រោងរៀប​ចំឲ្យមាន​បណ្ណា​ល័យនិង​បន្ទប់​អាន​បន្ថែមនៅ​តាម​សាលារៀននិង​សហគមន៍​ ដោយ​ថា​ដើម្បី​ជំរុញ​ឲ្យ​ប្រ​ជាជន​កម្ពុជាមាន​ទម្លាប់អានសៀវភៅដូច​ទៅ​នឹង​ប្រ​ជាជន​នៅ​បណ្តាប្រ​ទេស​អភិវឌ្ឍន៍នានា។

រដ្ឋមន្ត្រី​ក្រ​សួងអប់​រំ យុវជន និង​កីឡា លោក ហង់ ជួន ណារ៉ុន ថ្លែង​ក្នុង​វេទិកាជាតិអំណានលើកទី១​នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញនៅថ្ងៃសុក្រនេះ​ថាតាម​ការ​ស្រាវជ្រាវ ប្រ​ជា​ពល​រដ្ឋ​កម្ពុជាមិន​ទាន់​មានទម្លាប់​ល្អក្នុង​ការ​អាន​សៀវភៅនោះ​ទេ ​ផ្ទុយពី​ប្រ​ជា​ពល​រដ្ឋរបស់​ប្រ​ទេស​រីកចម្រើន​នានា។

Book-readingការតាមពិពរណ៌សៀវភៅនៅសាកលវិទ្យាភូមិន្ទភ្នំពេញ ដើម្បីអបអរទិវាជាតិអំណាន ១១មីនា

ដើម្បី​ជំរុញឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជាមានទម្លាប់​ល្អ​ក្នុងការ​អាន​សៀវ​ភៅ លោក ហង់ ជួន​ ណារ៉ុន ថា​ក្រសួង​រៀប​ចំឲ្យ​មាន​ការ​ផ្សព្វផ្សាយនិង​បំផុសចលនាអាន​នៅតាម​សាលារៀននិង​សហគមន៍ ដោយ​លោកបញ្ជាក់​ថា​​ក្រ​សួងនិង​ដៃគូអភិវឌ្ឍន៍មួយចំនួន សហការគ្នា​បង្កើនការ​តែងនិពន្ធសៀវភៅសម្រាប់​សិក្សានុសិស្ស ការ​បង្កើត​បណ្ណាល័យនៅ​តាមសាលារៀននិង​សហគមន៍​ជាដើម។

លោកបន្ថែមថា៖ លើកទឹក​ចិត្ត សហការជាមួយ​ដៃគូផ្សេងទៀតឲ្យមាន​បណ្ណាល័យ រៀប​ចំស្តង់ដារបណ្ណាល័យ បោះពុម្ពសៀវភៅឲ្យបាន​ច្រើន​ យើងអំពាវនាវ​ឲ្យ​សប្បុរសជន​ចូល​រួម​ចំណែកផងដែរ​រៀប​ចំហការជាមួយ​ដៃគូជាតិ​អន្តរជាតិ អង្គការសង្គមស៊ីវិល ដើម្បី​រៀប​ចំបណ្ណាល័យ​សៀវភៅនិងរៀប​ចំពេល​១ម៉ោង​ដើម្បី​ឲ្យសិស្សអាន”

ទន្ទឹម​នឹង​ផែន​ការ​បង្កើតបណ្ណាល័យ​នេះ លោក ហង់ ជួន ណារ៉ុន ថា​ចាប់ពី​ឆ្នាំ​២០១៧​តទៅ​ក្រ​សួង​ក៏​រៀប​ចំឲ្យ​មាន​ការ​ប្រ​ឡង​ប្រ​ណាំងការ​អាន ការនិទាន​រឿងនិង​ការ​តែងនិពន្ធផងដែរ ដោយ​លោក​ថា​ដើម្បី​បណ្តុះ​ការ​អាននិង​វប្បធម៌​អាន​។

តំណាងអង្គការយូណេស្កូប្រ​ចាំកម្ពុជា លោក​ស្រី  អាន ឡឺម៉ែត្រ មាន​ប្រ​សាសន៍​ក្នុង​ទិវាជាតិអំណានថា​ ក្មេងជំទង់និង​ស្រ្តី​វ័យ​ក្មេង​ប្រ​ហែល​ជា​១៧៥លាន​នាក់​នៅ​លើ​​ពិភព​លោក​មិន​អាចអាន​អក្សរបាន។ ​លោក​ស្រី​ថាដោយ​សារតែ​ឃើញ​បញ្ហា​នេះ ទើប​អង្គការយូណេស្កូខិតខំជួយ​ជំរុញ​ឲ្យ​ក្មេងៗអាចចេះអាន​បាន។ លោក​ស្រី​បន្តថាអក្ខរ​កម្ម​ជួយ​ឲ្យ​មនុស្ស​មាន​មធ្យោបាយបង្កើន​ចំណេះដឹងនិង​ព្រឹង​ស្មារតី​របស់​ខ្លួន​បាន​តាម​​​រយៈការ​អាន។

កញ្ញា ប្រាជ្ញ កញ្ចនា ​និស្សិត​ឆ្នាំ​ទី៣ផ្នែក​អក្សរសាស្រ្តខ្មែរនៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញមានប្រ​សាសន៍​ថាការ​អាន​ធ្វើ​ឲ្យ​កញ្ញាបានដឹង​ពី​ស្ថាន​ភាព​សង្គម​របស់​ប្រ​ទេស​កម្ពុជាក៏ដូច​ជា​ប្រ​ទេស​ដទៃ។ កញ្ញា​ថា កញ្ញា​​ចំណាយពេល​ប្រ​ហែល៣​ម៉ោង​ក្នុងមួយ​ថ្ងៃសម្រាប់​ការ​អាន​សៀវភៅ ពាក់ព័ន្ធ​នឹង​ប្រ​វត្តិសាស្រ្តនិង​អក្សរសាស្រ្ត។ កញ្ញាបន្ថែមថា៖ ការអាន​អាចឲ្យ​យើងមាន​ភាពជឿន​លឿន​ច្រើននិង​ខ្ញុំ​គិតថាការអាន​ធ្វើ​ឲ្យ​ខ្ញុំ​ជោគ​ជ័យ​ក្នុងជីវិត​ផង​ដែរ…ជោគជ័យ​ថា​បើ​ខ្ញុំ​បាន​អាន​ច្រើន​ខ្ញុំ​និង​ដឹង​ពី​សង្គម​ក្នុងស្រុកនិង​ក្រៅ​ស្រុក”។​

គួរបញ្ជាក់ថារដ្ឋាភិបាល​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៥ បាន​ចេញ​អនុក្រឹត្យមួយ​ស្តីពី​ទិវាជាតិ​អំណាននិង​អនុញ្ញាតឲ្យ​ក្រ​សួង​អប់រំ​រៀប​ចំទិវានេះ​ចាប់ពី​ឆ្នាំ២០១៦នេះ​តទៅ ដោយ​កំណត់​យក​ថ្ងៃទី​១១ ខែ​មីនា ជា​ថ្ងៃសម្រាប់​រៀបចំពិធីនេះ។ លោក ហង់ ជួន​ ណារ៉ុន ឲ្យ​ដឹងថារដ្ឋា​ភិបាល​រើស​យក​ថ្ងៃទៅ​១១ មីនា ដើម្បី​រៀបចំ​ពិធីនេះ ដោយ​សារតែ​ថ្ងៃនេះជា​ថ្ងៃកំណើត​របស់​សម្តេចព្រះ​សង្ឃរាជ​ជួន ណាត ដែល​ជាអ្នក​ជួយ​រៀប​រៀង​ឲ្យ​មាន​វចនានុក្រម​ខ្មែរ៕

ប្រភពៈ VOD

ក្រសួងអប់រំរៀបចំ​ការសរសេរតាមអានសម្រាប់ការប្រឡងថ្នាក់ទី៩ នៅឆ្នាំ២០១៦នេះ

$
0
0

រដ្ឋមន្រ្តី​ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យ​ដឹង​ថា​ក្រសួង​នឹង​ដាក់បញ្ចូល​ការសរសេរ​តាម​អាន​សម្រាប់​ការ​ប្រឡង​សញ្ញា​បត្រ​ឌីប្លូម​(ថ្នាក់ទី៩)នៅ​ឆ្នាំ​២០១៦នេះ។​

ក្នុង​ពេល​ចូល​រួម​ទិវា​ជាតិអំណាន១១មីនានេះ លោក ហង់ ជួន ណារ៉ុន មានប្រសាសន៍ថាក្រសួងនឹង​ចេញសេចក្ដីណែនាំឲ្យមានការបញ្ចូល​មុខវិជ្ជាសរសេរតាមអាននិងតែងសេចក្ដីទៅក្នុងការប្រឡងថ្នាក់ទី៩​ឆ្នាំនេះនិងដើម្បីពិនិត្យឡើងវិញអំពីចលនាអក្សរ​សិល្បិ៍ខ្មែរ ដើម្បីឲ្យសិស្សបង្កើនការអានឲ្យបានច្រើន។

ministry_of_education_150226_meng

លោកមានប្រសាសន៍ថា៖ “ក្រសួងនឹងចេញសេចក្ដីណែនាំមួយគឺថាទីមួយនៅពេលយើយប្រឡងថ្នាក់ទី៩ឆ្នាំនេះគឺថាមានការសរសេរតាមអាននិងសរសេរតែងសេចក្ដី ដើម្បីឲ្យសិស្សនឹងអានឲ្យច្រើន ហើយសរសេរឲ្យបានត្រឹមត្រូវ”។​

បើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ការប្រឡងថ្នាក់ទី៩ក្នុងឆ្នាំនេះនឹងប្រព្រឹត្ដទៅនៅខែសីហា ឆ្នាំ២០១៦។​

គួរបញ្ជាក់​ថា​កាលពីខែធ្នូ ឆ្នាំ​២០១៥ ក្រសួងអប់រំបានចេញសេចក្ដីណែនាំមួយ​ឲ្យ​បង្រៀនសរសេរតាមអាន នៅមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៧ ទី៨និងទី៩សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦៕

ប្រភពៈ VOD

ស្ថាន​ទូត​អង់គ្លេស​បង្កើត​កម្មវិធី​ស្មាតហ្វូន​គណិត​វិទ្យា​សម្រាប់​សិស្ស​ថ្នាក់​ទី​១២

$
0
0

ភ្នំពេញៈ ស្ថាន​ទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​ ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​កម្ម​វិធី​ស្មាតហ្វូន​ «Maths Diagnostic Questions» ​កាល​ពី​ចុង​សប្ដាហ៍​មុននេះ​​ ដើម្បី​ជា​​​ជំនួយ​​ដល់​​ការ​ប្រឡង​ និង​ការ​សិក្សា​គណិត​វិទ្យា​របស់​សិស្ស​វិទ្យា​ល័យ​​ថ្នាក់​ទី ១២ ដោយ​កម្ម​វិធី​នេះ​ បាន​បញ្ចូល​នូវ​លំហាត់​គម្រូ​ឲ្យ​សិស្ស​អនុវត្ដន៍​ជា​ច្រើន​ រួម​ជា​មួយ​និង​លំហាត់​ដែល​ពិបាក​ៗ​ផង​ដែរ​។

កម្មវិធី​នេះ បាន​ណែ​នាំ​ដល់​សិស្ស​ អំពី​វិធី​សាស្រ្ដ​ប្រកប​ដោយ​ភាព​ឆ្នៃ​ប្រឌិត​ថ្មី​តាម​បែប​អង់គ្លេ ដែល​បាន​រៀប​ចំ​ដោយ សាស្រ្ដាចារ្យ​ជំនាញ​ ​គណិត​​វិទ្យា​របស់​អង់គ្លេស លោក Craig Barton និង​បាន​បង្កើត​ឡើង​តាម​បែប​ «Diagnostic Questions» ដែល​ស្ថាន​ទូត​អង់គ្លេស​ បាន​សម្ពោធ​ ជាមួយ​ក្រសួង​អប់រំ​ យុវជន​និង​កីឡា កាល​ពី ខែ​តុលា ឆ្នាំ​ ២០១៥ កន្លង​ទៅ​។

ការ​ប្រើ​ប្រាស់​ កម្រង​សំណួរ Diagnostic Questions គឺ​បាន​ប្រើ​ប្រាស់​​នូវ​ជម្រើស​ជា​ច្រើន​ដល់​សិស្ស​ក្នុង​ការ​កំណត់​​ជម្រើស​ខុសៗ​គ្នា​នៃ​លំហាត់​នីមួយ​ៗ។ រាល់​កំហុស​នៃ​លំហាត់ កម្ម​វិធី​នេះ​នឹង​ពន្យល់​ដល់​សិស្ស​យ៉ាង​ច្បាស់​លាស់​ ពី​និយមន័យ និង​កំហុស​ទាំង​នោះ​ តើ​កើត​ឡើង​មក​ពី​អ្វី ​។

កម្ម​វិធី​នេះ​ ក៏​បាន​ផ្ដល់​ភាព​កាន់​តែ​ងាយ​ស្រួល​ និង​គំនិត​ជា​ច្រើន​នៃ​ការ​ធ្វើ​លំហាត់​លំបាកៗ ដល់​លោក​គ្រូ​អ្នក​គ្រូ និង​ការ​សិក្សា​របស់​សិស្ស​បន្ថែម​ផងដែរ​។ ​

សិស្សា​នុសិស្ស​អាច​ទាញ​យក​ កម្មវិធីនេះ​ដោយ​សេរី និង​ដំឡើង​ប្រើ​ប្រាស់​បាន​ទាំង​លើ​ឧបករណ៍​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ Android និង iOS ៕

MATHS-APP-featured-image

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

ក្រសួង​អប់រំ​ត្រូវ​ការ​បង្កើន​ថវិកា​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៧​ដើម្បី​ពង្រឹង​គុណភាព​អប់រំ

$
0
0

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​មួយ​មាន​ឈ្មោះ​ថា «សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ​ឆ្នាំ​២០១៦»។ យុទ្ធនាការ​នេះ ពួក​គេ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល បង្កើន​ថវិកា​យ៉ាង​ហោច​ណាស់ ២០% នៃ​ថវិកា​ជាតិ ដើម្បី​វិនិយោគ​លើ​វិស័យ​អប់រំ។ ការ​ស្នើ​នេះ ស្រប​ពេល​ដែល​ក្រសួង​អប់រំ កំពុង​មាន​តម្រូវ​ការ។

ក្រសួង​អប់រំ ត្រូវ​ការ​បង្កើន​ថវិកា​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ ដើម្បី​ពង្រឹង​គុណភាព​អប់រំ ស្រប​ពេល​ដែល​ខ្លួន​កំពុង​ពង្រីក​វិសាលភាព​ការងារ​ដើម្បី​ពង្រឹង​គុណភាព​អប់រំ។

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សាលីន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ មេសា ថា ចរន្ត​ថវិកា​សម្រាប់​បម្រើ​ក្នុង​វិស័យ​អប់រំ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​កើន​ឡើង​ប្រមាណ ២០% នៃ​ឆ្នាំ​ចាស់។ ការ​កើន​ឡើង​ថវិកា​នេះ គឺ​ស្រប​ពេល​ដែល​ក្រសួង​ធ្វើ​ការ​ពង្រីក​វិសាលភាព​ការងារ ពង្រីក​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់ ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កម្មវិធី​អប់រំ និង​ការងារ​ផ្សេងៗ​ក្នុង​វិស័យ​អប់រំ។ លោក​ថា ក្នុង​ចំណោម​ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​អប់រំ​នោះ​មាន​ជាង ៧០% បាន​ចំណាយ​ទៅ​លើ​ប្រាក់​ខែ​គ្រូ និង​បុគ្គលិក​អប់រំ​ជាង ១១​ម៉ឺន​នាក់ ហើយ​នៅ​សេសសល់​ថវិកា​តែ​ជាង ២០% ទៀត​ប៉ុណ្ណោះ សម្រាប់​ចំណាយ​លើ​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ។

61426edd-0346-41a8-912b-83a440d70f9b

សិស្សានុសិស្ស​ថ្នាក់​ទី​១ នៃ​សាលា​បឋម​សិក្សា​ស្រែ​ព្រីង ស្ថិត​ក្នុង​ភូមិ​ត្រពាំងស្ដៅ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត គោរព​ទង់ជាតិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។

លោក រស់ សាលីន ថ្លែង​ថា «យើង​ពង្រីក​វិសាលភាព​ការងារ​ផង កំណត់​កម្មវិធី​កំណែ​ទម្រង់​បន្ថែម​ផង ដើម្បី​ស្នើ​ថវិកា​កើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ថវិកា​បង្កើន​បាន ទាល់​តែ​យើង​មាន​កម្មវិធី​ការងារ កម្មវិធី​កំណែ​ទម្រង់​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ថវិកា។ ដូច្នេះ​រដ្ឋាភិបាល​នឹង​ពិនិត្យ​ទៅ​មើល​អាទិភាព​នៃ​រដ្ឋាភិបាល​ពង្រឹង​លើ​កម្មវិធី​កំណែ​ទម្រង់ និង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​កំណែ​ទម្រង់ ពិនិត្យ​មើល​អាទិភាព​ដែល​រដ្ឋាភិបាល​បាន​កំណត់។ យោង​លើ​ទិដ្ឋភាព​ទាំងអស់​នេះ​ហើយ ថវិកា​នឹង​កើន​ឡើង​ទៅ​តាម​ហ្នឹង​ដែរ»។

ការ​លើក​ឡើង​របស់​ក្រសួង​នេះ ក្នុង​គ្រា​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​មួយ​មាន​ឈ្មោះ​ថា «សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ​ឆ្នាំ​២០១៦»ក្រោម​ប្រធានបទ ការ​ផ្ដល់​ហិរញ្ញប្បទាន​លើ​វិស័យ​អប់រំ។ យុទ្ធនាការ​នេះ ពួក​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល បង្កើន​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ​យ៉ាង​ហោច​ណាស់ ២០% នៃ​ថវិកា​ជាតិ ឬ ៤% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប។

នាយក​ប្រតិបត្តិ​អង្គការ​ភាព​ជា​ដៃគូ​អប់រំ នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល ហៅ​កាត់​ថា អិន.អ៊ី.ភី (NEP) លោក ជិន ច័ន្ទវាសនា មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​សង្គម​ស៊ីវិល​ចង់​ឲ្យ​រដ្ឋាភិបាល​ដាក់​ត្រៀម​បម្រុង​ថវិកា​យ៉ាង​ហោច​ណាស់ ២០% សម្រាប់​ក្រសួង​អប់រំ នេះ ពីព្រោះ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សម្រាប់​វិស័យ​អប់រំ​គោលដៅ​ទី​៤ នោះ មាន​មហិច្ឆតា​ខ្លាំង​ណាស់ ដោយ​ឲ្យ​កុមារា​កុមារី​ទាំងអស់​ទទួល​បាន​ការ​អប់រំ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វិនិយោគ​ឲ្យ​បាន​ខ្លាំងក្លា​ទៅ​លើ​វិស័យ​នេះ ធានា​ឲ្យ​មាន​សមភាព និង​គុណភាព។

លោក ជិន ច័ន្ទវាសនា ថ្លែង​ថា «ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ម៉េច​បម្រុង​ទុក​ថវិកា​សម្រាប់​វិស័យ​អប់រំ​នេះ សូម​កុំ​ឲ្យ​ទាប​ជាង ២០% បើ​សិន​ជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្កើន​ថវិកា​បាន​លើស​ពី ២០% នេះ គឺ​ជា​អ្វី​ដែល​យើង​មាន​ការ​ប្ដេជ្ញា​ចិត្ត​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ទី​៤»។

កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ គណៈរដ្ឋមន្ត្រី​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៦ សម្រេច​ផ្ដល់​ថវិកា​ជាតិ​ជាង ៥០០​លាន​ដុល្លារ​អាមេរិក​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្មើ​នឹង ១៨,៣% នៃ​ថវិកា​ជាតិ​សរុប។ ទំហំ​ទឹក​ប្រាក់​នេះ​កើន​ឡើង​ប្រមាណ ២៨% ពី​ថវិកា​ឆ្នាំ​២០១៥។

ស្រប​ពេល​នឹង​ការ​ទាមទារ​ឲ្យ​បង្កើន​ថវិកា​សម្រាប់​វិនិយោគ​វិស័យ​នេះ គេ​ដឹង​ថា ក្រសួង​អប់រំ បាន​ចាយ​លុយ​សល់ នៅ​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​ចុង​ក្រោយ​នេះ។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ហៅ​កាត់​ថា អានសា (ANSA) លោក សន ជ័យ ថ្លែង​ថា ក្រសួង​អប់រំ គួរ​តែ​មាន​ការ​កែ​សម្រួល​រៀបចំ​ប្រព័ន្ធ​នៃ​ការ​ចាយ​វាយ​លុយ​កាក់​ឡើង​វិញ ជៀសវាង​ការ​ប្រើប្រាស់​ថវិកា​សល់ ខណៈ​ដែល​ការ​អភិវឌ្ឍ​នៅ​តាម​សាលា​រៀន​មាន​ការ​ខ្វះខាត ហើយ​ទន្ទឹម​នឹង​ការ​បង្កើន​ថវិកា​នេះ​ទៀត​សោត ការ​ប្រើប្រាស់​ប្រកប​ដោយ​ប្រសិទ្ធភាព ត្រូវ​ដើរ​ស្រប​គ្នា។

លោក សន ជ័យ ថ្លែង​ថា «អាច​ថា​ប្រព័ន្ធ​នៃ​ការ​ចាយ​វាយ ប្រព័ន្ធ​នៃ​ការ​បែង​ចែក​ថវិកា​របស់​ក្រសួង​អប់រំ អ្នក​ទទួល​ផល​ជួប​ប្រទះ​នូវ​បញ្ហា​ដែរ បើ​សិន​ជា​មិន​មាន​បញ្ហា​ទេ លុយ​នេះ​ចាយ​មិន​សល់​ទេ បង្វិល​ទៅ​ក្រសួង​សេដ្ឋកិច្ច វិញ។ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ថវិកា​វិស័យ​អប់រំ​ហ្នឹង​បាន​ទៅ​ដល់​គោលដៅ រូបមន្ត​ចាស់​ត្រូវ​ផ្លាស់ប្ដូរ ផែនការ​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​លើក​ផែនការ​អភិវឌ្ឍន៍​នៅ​តាម​សាលា​រៀន គឺ​ជា​រឿង​មួយ​ចាំបាច់»។

សប្ដាហ៍​សកម្មភាព​ជា​សកល​សម្រាប់​ការ​អប់រំ​ឆ្នាំ​២០១៦ ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា រៀបចំ​ដោយ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សង្គម​ស៊ីវិល ឲ្យ​ដឹង​ថា អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​ផ្សេងៗ រួម​មាន សិក្ខាសាលា​ក្រោម​ប្រធានបទ «ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​គុណភាព​អប់រំ» កិច្ច​ពិភាក្សា​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ផ្ដោត​លើ​សិទ្ធិ​ទទួល​បាន​ការ​អប់រំ និង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ​នៅ​កម្ពុជា៕

ប្រភពៈ RFA

សាកល​វិទ្យាល័យ ចិន និង​ជប៉ុន ផ្តល់​អាហារូបករណ៍​ថ្មី​ដល់​និស្សិត​កម្ពុជា

$
0
0

ភ្នំពេញៈ សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅចិនផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ១០កន្លែងដល់និស្សិតកម្ពុជាសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០១៦-២០១៧។

លក្ខណ្ឌនៃការជ្រើសរើស

បេក្ខជនទាំងពីរភេទត្រូវ៖ មានសញ្ជាតិខ្មែរ មានសញ្ញាប័ត្រទុតិយភូមិដែលមាននិទ្ទេស A B C រឺ D មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ (មានលិខិតបញ្ជាក់ច្បាស់លាស់) និង មានសុខភាពល្អបរិបូរណ៍ សុខភាពរាងកាយ និងសតិបញ្ញា ។

– កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦

– កន្លែងទទួលពាក្យ៖ នាយកដ្ឋានទំនាក់ទំនង អាហារូបករណ៍ (អគារលេខ២៣ ផ្លូវលេខ៣១០ ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា)។

ដោយឡែក ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ក៏បានផ្ដល់អាហារូបករណ៌ សម្រាប់ឆ្នាំសិក្សា ២០១៧ ដល់និស្សិតកម្ពុជា ដែលមានបំណងចង់ទៅបន្ដការសិក្សានៅប្រទេសជប៉ុនផងដែរ។

១. ថ្នាក់ក្រោយឧត្ដមសិក្សា Research Students
២. ថ្នាក់ឧត្ដមសិក្សា Undergraduate Students
៣. ថ្នាក់មធ្យមសិក្សាបច្ចេកទេស College of Technology Students
៤. ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ Specialized Training College Students ។

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ ២០១៧ នេះ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦។

ទទួល និងដាក់ពាក្យនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងអាហារូបករណ៍ដែលមានអាសយដ្ឋានអគារលេខ២៣ ផ្លូវ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរាប្រហែល ៥០ ម៉ែត្រ) ។

ព័ត៌មានបន្ថែម៖ www.kh.emb-japan.go.jp/index-e.htm

Japanese-government-scholarship-2017

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០១៧

$
0
0

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹង ដោយប្រកាសជ្រើសរើសនិស្សិត អាហារូបករណ៍កម្ពុជា ទៅបន្ដការសិក្សានៅប្រទេសជប៉ុន នាខែមេសាឆ្នាំ២០១៧។

អាហាររូបករណ៍ដែលត្រូវប្រឡងជ្រើសរើសនោះ មានការជ្រើសរើស ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីរៈ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ការប្រឡងជ្រើសរើសនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦។

លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនទាំងពីរភេទត្រូវមាន៖

-សញ្ជាតិខ្មែរ

-អាយុចាប់ពី១៦ឆ្នាំដល់៣៤ឆ្នាំ

-ចេះភាសាអគ្លេស ឬភាសាជប៉ុនជ្រៅជ្រះ

-មានសុខភាពល្អបរិបូណ៍ ទាំងកាយសម្បទា និងសតិបញ្ញា៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងអប់រំ ទាំងស្រុង៖

13087379_1369336466426297_5520202949298658001_n 13087379_1369336466426297_5520202949298658002_n 13087379_1369336466426297_5520202949298658003_n 13087379_1369336466426297_5520202949298658004_n 13087379_1369336466426297_5520202949298658005_n

ប្រភពៈ freshnewsasia

បទយកការណ៍៖ និស្សិតមួយចំនួនព្រួយបារម្ភពីឱកាស​​ការងារពេលបញ្ចប់ការសិក្សា

$
0
0

របាយការណ៍ស្ដីពីការវិភាគស្ថានភាពការងារយុវជនថ្នាក់ជាតិ និងតំបន់របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនឲ្យដឹងថា អត្រាយុវជនដែលគ្មានការងារធ្វើនៅកម្ពុជាមានគឺ២.៤ភាគរយ បើប្រៀបធៀបទៅនឹងយុវជនដែលគ្មានការងារធ្វើនៅលើពិភពលោកមានចំនួន១៣ភាគរយ។ ជាមួយគ្នានេះយុវជនដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រមួយចំនួនបានបង្ហាញការព្រួយបារម្ភពីការស្វែងរកឱកាសការងារនៅពេលដែលពួកគេបញ្ចប់ការសិក្សា។ ការព្រួយបារម្ភនេះដោយសារតែកម្លាំងពលកម្មអាស៊ាននឹងហូរចូលទីផ្សារការងារកម្ពុជា ហើយយុវជនកម្ពុជាខ្លួនឯងមិនទាន់ត្រៀមខ្លួនចាប់យកឱកាសការងារនៅឡើយ។

ក្នុងវេទិកាយុវជនស្ដីពីសក្ដានុពលទីផ្សារការងារក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ានសម្រាប់យុវជនដែលរៀបចំដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជននៅថ្ងៃទី០៨ឧសភាដោយមានយុវជនចូលរួមប្រមាណជាង៣០០នាក់។ និស្សិតមួយចំនួនដែលចូលរួមបានលើកឡើងថាពួកគេមានការព្រួយបារម្ភពីឱកាសការងារ ដោយសារពួកគេភាគច្រើនថាការអប់រំនៅកម្ពុជានៅមានកម្រិតដូចជាបញ្ហាភាសាបរទេសនិងការទំនាក់ទំនងជាដើម។

កំពុងឈរបរិភោគអាហារសម្រន់និងជជែកជាមួយនឹងមិត្តភក្ដិ និស្សិតសកលវិទ្យាល័យស៊ីតិចម្នាក់ដែលចូលរួមក្នុងកម្មវិធីនេះបានលើកឡើងថាកញ្ញាមានការព្រួយបារម្ភក្នុងការចាប់យកឱកាសការងារពេលបញ្ចប់ការសិក្សា ព្រោះកញ្ញាថាមិនទាន់មានបទពិសោធន៍អ្វីឲ្យត្រូវជំនាញដែលរៀនៅឡើយ។ កញ្ញាបន្ថែមថាការសិក្សាអប់រំរបស់យុវជនកម្ពុជានៅមានកម្រិតធ្វើឲ្យយុវជនខ្លះខ្វះការជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការស្វែងរកការងារ។

Photfeato_Template_872x562

កញ្ញានិយាយថា៖ ឱកាសការងារនេះខ្ញុំគិតថាវាជាបញ្ហាប្រឈមខ្លាំង តែសំរាប់អ្នកដែលមិនសូវមានសមត្ថភាព ព្រោះគិតថាពេលរៀនចប់ទៅមិនដឹងថាទៅធ្វើការងារអ្វីឲ្យគេកើត អត់ឲ្យតម្លៃខ្លូនឯងព្រោះគិតថាខ្លួនឯងអត់មានសមត្ថភាព ប៉ុន្តែអត់ហ៊ានដើរទៅមុខអត់ហ៊ានប្រលូកក្នុងឱកាសការងារហ្នឹង។ យុវជនខ្លួនឯងនៅតែគិតថាធ្វើការមិនកើតអាហ្នឹងសម្រាប់ខ្ញុំដឹង

កំពុងអង្គុយជជែកជាមួយនឹងមិត្តភក្តិ និស្សិតម្នាក់ឆ្នាំទី១នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុបយុវជន នន រ៉ាឌូ និយាយថាបញ្ហាប្រឈមរបស់យុវជនកម្ពុជាដែលមិនអាចប្រកួតប្រជែងជាមួយយុវជនក្នុងតំបន់បានគឺសមត្ថភាពនិងការទំនាក់ទំនង។ យុវជនរាងស្គមសម្បុរស្រអែមរូបនោះក៏បង្ហាញការព្រួយបារម្ភថា បើនៅពេលខាងមុខកម្លាំងពលកម្មការងារប្រទេសអាស៊ានមកកាន់កម្ពុជាច្រើន នោះយុវជនកម្ពុជានឹងបាត់បង់ឱកាសការងារល្អៗ។

និស្សិតរូបនោះនិយាយថា៖ ខ្ញុំមានការព្រួយបារម្ភចំពោះការងារនៅពេលអនាគតមានលំហូរចូលច្រើនពីខាងបរទេសអញ្ចឹងធ្វើឲ្យយុវជនយើងអត់មានឱកាសការងារល្អសម្រាប់កម្ពុជា។ យុវជនកម្ពុជាយើងមានការងារដែរ តែត្រឹមជាបុគ្គលិកតូចៗប្រាក់ខែតិចប៉ុណ្ណោះ

និស្សិតរៀនផ្នែកអក្សរសាស្រ្តអង់គ្លេសរូបនេះបន្ថែមថាខ្លួននឹងចាប់ផ្ដើមពង្រឹងសមត្ថភាពខ្លួនឯងនិងស្វែងរកបទពិសោធន៍ការងារដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងជាមួយយុវជនក្នុងតំបន់ផងដែរ។

រាងតូចបន្តិចសម្បុរស្រអែមនិស្សិតឆ្នាំទី៣ រៀន២ជំនាញក្នុងពេលតែមួយគឺផ្នែកសង្គមវិទ្យានិងអក្សរសាស្រ្តអង់គ្លេសម្នាក់ កញ្ញា ភ សុវណ្ដា ប្រាប់ថាកញ្ញាមានការព្រួយបារម្ភចំពោះឱកាសទទួលបានការងារធ្វើ ក្រោយពេលបញ្ចប់ការសិក្សា។ កញ្ញាបន្ថែមថាការព្រួយបារម្ភនេះ ដោយសារកញ្ញាមិនទាន់ត្រៀមគ្រប់គ្រាន់ ដើម្បីចាប់អាជីពការងារដែលខ្លួនស្រលាញ់ ហើយជំនាញនិងចំណេះដឹងនៅមានកម្រិត។

កញ្ញាបន្ថែមថា៖ តាមជាក់ស្ដែងខ្ញុំឃើញថាមានផលប៉ះពាល់ពេលអាស៊ានចូលមក ដោយសារតែជាក់ស្ដែងយុវជនអត់ទាន់មានចំណេះដឹងខ្លាំងទេ ហើយមួយទៀតទាក់ទងជាមួយជំនាញរបស់គាត់។ ការរៀនអត់ស្របនឹងជំនាញដែលគាត់ស្រឡាញ់ រៀនទាំងបង្ខំដល់ពេលឱកាសអាស៊ានចូលមកដល់គាត់រៀបចំខ្លួនអត់ទាន់អញ្ចឹងវាជាហានិភ័យមួយ

បើតាមរបាយការណ៍ស្ដីពីការវិភាគស្ថានភាពការងារយុវជនថ្នាក់ជាតិនិងតំបន់របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជនចេញផ្សាយសម្រាប់ឆ្នាំ២០១៥ឲ្យដឹងថាយុវជនធ្វើការនៅប្រទេសកម្ពុជាមានចំនួនជិត៤លាននាក់ ហើយក្នុងនោះមាន៤៥.១០ភាគរយធ្វើការផ្នែកកសិកម្ម ព្រៃឈើ និងនេសាទ។ ចំណែកយុវជនដែលមានការងារធ្វើតាមជំនាញច្បាស់លាស់ផ្សាភ្ជាប់ជំនាញវិជ្ជាជីវៈនិងបច្ចេកទេស មានប្រមាណតែ៤.៧ភាគរយតែប៉ុណ្ណោះ។

របាយការណ៍ដដែលឲ្យដឹងថាអត្រាយុវជនដែលគ្មានការងារធ្វើនៅកម្ពុជាមានចំនួនគឺ២.៤ភាគរយ បើប្រៀបធៀបទៅនឹងចំនួនយុវជនដែលគ្មានការងារធ្វើនៅលើពិភពលោកមានចំនួន១៣ភាគរយ។

នាយកប្រតិបត្តិអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនលោក ជាង សុខា មានប្រសាសន៍ថាកម្ពុជាប្រទេសកម្ពុជាមានធនធានតិចតួចណាស់ក្នុងការប្រកួតប្រជែងការងារជាមួយប្រជាជនក្នុងតំបន់អាស៊ានព្រោះរដ្ឋាភិបាលមិនទាន់មានគោលនយោបាយក្នុ្ងងការផលិតធនធានមនុស្សឲ្យស្របទៅនឹងតម្រូវការទីផ្សារ។ លោកបន្ថែមថាកត្តាមួយទៀតក៏បណ្ដាលមកពីតម្លៃពលកម្មនៅក្នុងប្រទេសកម្ពុជាទាបទើបធ្វើឲ្យយុវជនមួយចំនួនធំមិនចង់ធ្វើការពេលពួកគេបញ្ចប់ការសិក្សា។

លោកបន្ថែមថា៖ អ្វីដែលសំខាន់គឺកំលាំងពលកម្មរបស់យើងទេ ដែលអត់មានជំនាញគ្រប់គ្រាន់ទៅចាប់យកទីផ្សារហ្នឹង អាហ្នឹងមួយផ្នែក មួយផ្នែកទៀតទីផ្សារការងារមានតែតំលៃកម្លាំងពលកម្មទាប ដល់តម្លៃពលកម្មទាបចឹងធ្វើឲ្យអ្នកអត់ការងារធ្វើច្រើន។ ព្រោះគាត់អត់ចង់ធ្វើ ឧទាហរណ៍គាត់ធ្វើការបានមួយថ្ងៃ១ម៉ឺនទៅ១៥០០០រៀល ខណៈដែលតម្លៃទំនិញទីផ្សារខ្ពស់អញ្ចឹងធ្វើការបែបហ្នឹងគាត់អត់ចង់ធ្វើ ដូច្នេះបង្ហាញកាន់តែច្បាស់ថាស្រុកខ្មែរមានការងារតិចតួច

ក្នុងវេទិកាយុវជននោះក៏មានការធ្វើបទបង្ហាញពីស្ថានភាពទីផ្សារការងារនៅកម្ពុជានិងវិធានការដោះស្រាយរបស់រដ្ឋាភិបាលផងដែរ។

អនុប្រធានផ្នែកប្រមូលនិងផ្សព្វផ្សាយព័ត៌មាននៃទីភ្នាក់ងារជិតមុខរបរនិងការងារនៃក្រសួងការងារលោក គង់ សម្បត្តិ ធ្វើបទបង្ហាញលើកឡើងថាទីផ្សារការងារនៅកម្ពុជាមានការកើនឡើងច្រើនទាំងគ្រប់វស័យជារៀងរាល់ឆ្នាំសម្រាប់ជាតម្រូវការរបស់យុវជនពេលបញ្ចប់ការសិក្សា។ លោកក៏ជំរុញឲ្យយុវជនតាមដាននូវព័ត៌មានការងារនិងគោលនយោបាយរបស់រដ្ឋាភិបាលឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀនជំនាញឲ្យត្រូវគោលដៅការងារ។

លោកលើកឡើងថា៖ដើម្បីទទួលបានឱកាសការងារយុវជនខ្លួនឯងហ្នឹងត្រូវក្ដាប់ឱកាសទីផ្សារការងារឲ្យបាន គោលនយោបាយរដ្ឋាភិបាលគាត់ដើរទៅណា វិស័យអាទិភាពឬការអភិវឌ្ឍរបស់សេដ្ឋកិច្ចជាតិទៅណា។ អញ្ចឹងយើងត្រូវក្ដាប់ព័ត៌មានឲ្យបាន ដើម្បីឲ្យយើងចាប់ជំនាញបាន ហើយនឹងសម្រេចនិងជ្រើសរើសក្រុមហ៊ុនណាដែលយើងចង់ធ្វើឲ្យច្បាស់លាស់

លោកបន្ថែមថាក្នុងមួយឆ្នាំម្ដងក៏មានការរៀបចំពិពណ៌ការងារថ្នាក់ជាតិ ដើម្បីឲ្យយុវជនបានជួបប្រឹក្សាយល់ជាមួយក្រុមនយោជកនិងចាប់យកឱកាសការងារផងដែរ។

ក្នុងបទបង្ហាញនោះលោក គង់ សម្បត្តិ ក៏លើកឡើងពីផែនការរបស់រដ្ឋាភិបាលក្នុងយុទ្ធសាស្រ្តអភិរឌ្ឍន៍វិស័យអប់រំបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ ដោយលើកកម្ពស់គុណភាពអប់រំនិងបង្កើនលទ្ធភាពទទួលបានការបណ្ដុះបណ្ដាលផងដែរ។

នាយកគ្រប់គ្រងដៃគូអាជីវកម្មអ៊ីនស្បាយអ៊ីន លោក យិម ពុទ្ធា លើកឡើងថាសមត្ថភាពយុវជនកម្ពុជាបច្ចុប្បន្ន មិនអាចប្រកួតប្រជែងជាមួយកម្លាំងពលកម្មក្នុងតំបន់ទេ ហើយទីផ្សារការងារក្នុងប្រទេសក៏ពួកគេជួបបញ្ហាប្រឈមដែរ។ លោកបន្ថែមថាដើម្បីទទួលបានការងារល្អនិងអាចប្រកួតប្រជែងជាមួយកម្លាំងពលកម្មក្នុងតំបន់អាស៊ានបាន យុវជនកម្ពុជាគួរតែពង្រឹងសមត្ថភាពរបស់ខ្លួន ពង្រឹងភាសាអង់គ្លេស និងជំនាញដែលគាត់កំពុងសិក្សាបន្ថែម៕

ប្រភពៈ VOD

កម្ពុជា​គួរ​តែ​បង្រៀន​អំពី​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​ខ្លួន​ឲ្យ​បាន​ទូលំទូលាយ

$
0
0

បច្ចុប្បន្ននេះ លោកគឺជាសាស្ត្រាចារ្យកិត្តិយសដែលចូលនិវត្តន៍ពីសាកលវិទ្យាល័យ Monash University និងកំពុងស្នាក់នៅក្នុងប្រទេសអូស្តា្រលី។

កំណត់និពន្ធ៖ លោកបណ្ឌិត David Chandler គឺជាប្រវត្តិវិទូជនជាតិអាមេរិកាំងមួយរូប ដែលបានចំណាយពេលវេលាយ៉ាងច្រើននៅប្រទេសកម្ពុជា ដើម្បីសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជា។ នៅចន្លោះឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩៩ លោកបានសរសេរ និងបោះពុម្ពផ្សាយសៀវភៅអំពីប្រវត្តិសាស្ត្រខ្មែរចំនួន៥ក្បាល។ បន្ទប់ការិយាល័យមួយនៅក្នុងអាគារស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានដាក់ឈ្មោះរបស់លោក ដើម្បីផ្តល់ជាកិត្តិយសដល់លោកថែមទៀតផង។ បច្ចុប្បន្ននេះ លោកគឺជាសាស្ត្រាចារ្យកិត្តិយសដែលចូលនិវត្តន៍ពីសាកលវិទ្យាល័យ Monash University និងកំពុងស្នាក់នៅក្នុងប្រទេសអូស្តា្រលី។

លោកបានសរសេរសៀវភៅចំនួន៥ក្បាលអំពីប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា។ តើលោកជម្រាបបន្តិចបានទេថា តើហេតុដូចម្តេចទើបបានជាលោកចាប់អារម្មណ៍នឹងប្រវត្តិសាស្រ្តរបស់កម្ពុជា?

0DA3B054-5514-4C8B-8CBC-D813DD5EE491_w987_r1_s

រូបឯកសារ៖ សិស្សស្រីអាចសៀវភៅ«ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ‍»នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលជាអតីតមូលដ្ឋានចុងក្រោយមួយរបស់ខ្មែរក្រហម កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០។ (AP Photo/Heng Sinith)

នៅពេលដែលខ្ញុំទៅដល់ប្រទេសកម្ពុជាកាលពីឆ្នាំ១៩៦០ ខ្ញុំគឺជាមន្ត្រីក្រសួងការបរទេសមួយរូប។ ខ្ញុំបានរៀនភាសាខ្មែរ មុនចាកចេញទៅកម្ពុជា។ ខ្ញុំបានធ្វើដំណើរកំសាន្តជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា និងស្គាល់មិត្តភក្តិជនជាតិខ្មែរជាច្រើន។ ខ្ញុំពិតជាសប្បាយរីករាយនឹងរស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំក៏ត្រូវទៅបំពេញបេសកកម្មនៅអាមេរិកខាងត្បូងរយៈពេល២ឆ្នាំក្រោយមក ប៉ុន្តែខ្ញុំមិនសប្បាយរីករាយនឹងនៅទីនោះ ដូចពេលដែលខ្ញុំនៅប្រទេសកម្ពុជានោះទេ។ ការងារចុងក្រោយបង្អស់ដែលខ្ញុំបានធ្វើជាមួយនឹងក្រសួងការបរទេសអាមេរិកគឺបង្រៀនដល់មន្ត្រីការបរទេសដែលត្រៀមចាកចេញទៅបំពេញការងារនៅតំបន់អាស៊ីអាគ្នេយ៍។ នៅពេលនោះហើយដែលខ្ញុំដឹងថា ខ្ញុំចូលចិត្តបង្រៀន។ ដូច្នេះហើយខ្ញុំបានសម្រេចចិត្តឈប់ធ្វើជាមន្ត្រីនៃក្រសួងការបរទេសអាមេរិកនៅឆ្នាំ១៩៦៦ និងបានចាប់ផ្តើមរៀនបន្តថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Yale University។

បន្ទាប់មកខ្ញុំបានប្ដូរទៅរៀននៅសាកលវិទ្យាល័យ University of Michigan វិញ។ នៅទីនោះខ្ញុំបានរៀនមុខជំនាញប្រវត្តិវិទ្យា និងបានសរសេរនិក្ខេបបទបញ្ចប់ការសិក្សារបស់ខ្ញុំស្តីពីប្រទេសកម្ពុជាមុនសម័យអាណានិគមបារាំង។ មិនធ្លាប់មាននរណាសរសេរអំពីប្រវត្តិសាស្ត្រនៅសម័យនោះទេ មិនថាជាភាសាខ្មែរ ឬភាសាបរទេសឡើយ។ នៅឆ្នាំ១៩៧០ ខ្ញុំបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីសិក្សាពីប្រវត្តិសាស្ត្រខ្មែរនៅសតវត្សរ៍ទី១៩ ពីប្រភពឯកសាររបស់ថៃមកវិញ។ បន្ទាប់ពីខ្ញុំបានបញ្ចប់និក្ខេបបទបញ្ចប់ការសិក្សារបស់ខ្ញុំ ខ្ញុំក៏ត្រឡប់មកប្រទេសអូស្ត្រាលី។ ហើយក៏ខ្ញុំសរសេរអត្ថបទពីប្រទេសកម្ពុជាសម័យមុនអាណានិគមនិយមបារាំង។ នៅឆ្នាំ១៩៧៧ ខ្ញុំក៏ធ្វើដំណើរមកសហរដ្ឋអាមេរិកដើម្បីសរសេរអំពីរបបខ្មែរក្រហម។ នៅឆ្នាំ១៩៨៣ ខ្ញុំបានបោះពុម្ភសៀវភៅរបស់ខ្ញុំដែលមានចំណងជើងថា «ប្រវត្តិសាស្ត្រខ្មែរ»។ នៅឆ្នាំ១៩៨៤ ខ្ញុំបានទៅសម្ភាសការងារធ្វើជាមន្ត្រីនៃគណៈកម្មាធិការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន ព្រោះពេលនោះអង្គការសហប្រជាជាតិចង់ពិនិត្យតាមដានជនភៀសខ្លួននៅជំរុំ ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ ក្រោយមកខ្ញុំក៏សរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាជាបន្តបន្ទាប់រហូតបានចំនួន៥ក្បាល។

5444BB14-1D3F-4706-B26D-EAED6C4D32AD_w610_r0_s

លោក David P. Chandler បានចំណាយពេលអស់រយៈពេលជាងពាក់កណ្តាលមួយសតវត្សរ៍ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ហើយលោកគឺជាប្រវត្តិវិទូដ៏ចំណាស់ម្នាក់អំពីប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។ លោក David P. Chandler ដែលសព្វថ្ងៃនេះមានអាយុ ៨៣ឆ្នាំ គឺជាសាស្ត្រាចារ្យខាងប្រវត្តិសាស្ត្រដ៏ចំណាស់ម្នាក់នៅសាកលវិទ្យាល័យ Monash University ប្រទេសអូស្ត្រាលី។ (រូបថតផ្តល់ឲ្យ)

តើផ្នែកណាមួយនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់កម្ពុជាដែលលោកចាប់អារម្មណ៍ខ្លាំងបំផុត?

ខ្ញុំចំណាយពេលវេលាច្រើនបំផុតរបស់ខ្ញុំសិក្សាស្រាវជ្រាវទៅលើរបបខ្មែរក្រហម។ ខ្ញុំនៅតែចាប់អារម្មណ៍ចង់ដឹងថា តើរបបខ្មែរក្រហមកើតឡើងយ៉ាងដូចម្តេច? ហេតុអ្វីបានជាពួកខ្មែរក្រហមប្រព្រឹត្តអំពើអស់ទាំងនោះ? ពួកគេអស់ទាំងនោះមានស្មារតីអាត្មានិយម។ ខ្ញុំក៏ចាប់អារម្មណ៍នឹងសម័យ លន់ នល់ ដែរ។ ប៉ុន្តែខ្ញុំនឹងមិនទៅសិក្សាស្រាវជ្រាវអ្វីបន្ថែមលើរបបនេះនោះទេ។ ប៉ុន្តែខ្ញុំចង់ដឹងថា តើអ្នកផ្សេងទៀតនឹងសរសេរយ៉ាងដូចម្តេចអំពីរបបនេះ។

ខ្ញុំបានដឹងច្រើនអំពីប្រទេសកម្ពុជាក្នុងសម័យអាណានិគមនិយមបារាំង។ ខ្ញុំគិតថា ប្រហែលជាមានមនុស្សជាច្រើនកំពុងតែសិក្សាស្រាវជ្រាវបន្ថែមទៅលើសម័យនោះ ហើយបណ្ណសារដ្ឋានជាតិកម្ពុជានៅរាជធានីភ្នំពេញ ក៏មានឯកសារជាច្រើនពាក់ព័ន្ធនឹងសម័យនេះផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតនៅពេលនេះ គឺដំណើរវិវឌ្ឍន៍នៃសម័យព្រះរាជាឡើងគ្រងរាជសម្បតិ្ត។ សម័យបុរេប្រវត្តិខ្មែរក៏គួរឲ្យចាប់អារម្មណ៍ណាស់ដែរ។ បន្ថែមពីលើនេះទៀត ខ្ញុំក៏ចាប់អារម្មណ៍នឹងការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នផងដែរ។

បន្ទាប់ពីលោកបានបោះពុម្ពផ្សាយសៀវភៅរបស់លោកទាំង៥ក្បាលអំពីប្រវត្តិសាស្រ្តរបស់ខ្មែរក្នុងសម័យទំនើប តើមានប្រតិកម្មយ៉ាងដូចម្តេចខ្លះពីសំណាក់មហាជន និងរាជរដ្ឋាភិបាល?

ខ្ញុំមានសំណាងណាស់ជាមួយនឹងសៀវភៅរបស់ខ្ញុំដែលបានបោះពុម្ភផ្សាយ។ សៀវភៅទាំងនោះនៅតែលក់ដាច់មួយចំនួនជារៀងរាល់ឆ្នាំ ហើយសៀវភៅទាំងនោះក៏មានប្រែសម្រួលជាភាសាខ្មែរផងដែរ។ បន្ទាប់ពីបានបោះពុម្ពផ្សាយសៀវភៅទាំងនោះ ជនជាតិបារាំង អង់គ្លេស និងជាតិសាសន៍ដដៃទៀត ក៏បានអានសៀវភៅទាំងនោះដែរ ហើយពួកគេវាយតម្លៃល្អទៅលើសៀវភៅរបស់ខ្ញុំ។ សៀវភៅរបស់ខ្ញុំត្រូវបានប្រែសម្រួលជាភាសាខ្មែរកាលពីឆ្នាំ២០០៥ ហើយលក់ដាច់បានយ៉ាងច្រើនជាមួយនឹងតម្លៃដ៏ថោក។ លោក ហ៊ុន សែន ក៏បានអានវាដែរ។ លោកនិយាយថា លោកបានអានវា ហើយលោកនិយាយថា សៀវភៅនោះល្អ ប៉ុន្តែវាត្រឹមត្រូវបានតែ៨០ភាគរយប៉ុណ្ណោះ។

តើអ្វីជា២០ភាគរយដែលលោក ហ៊ុន សែន យល់ថាមិនត្រឹមត្រូវនោះ?

មិនមែនចំណុចដែលខ្ញុំនិយាយអំពីលោក ហ៊ុន សែន នោះទេ។ ខ្ញុំគិតថា ត្រង់ចំណុចដែលខ្ញុំបានសរសេរពីភាពសាហាវឃោរឃៅរបស់វៀតណាមនៅកម្ពុជាក្នុងសម័យនោះ។ ចំណុចទី២នោះ គឺកន្លែងដែលខ្ញុំនិយាយមិនសូវត្រូវពីលោក ប៉ុល ពត។ ខ្ញុំសរសេរថា លោក ប៉ុល ពត រៀនបានមធ្យមនៅបារាំង។ ប៉ុន្តែតាមពិត បើធៀបជាមួយនឹងប្រព័ន្ធសិក្សាបែបអង់គ្លេស កម្រិតនេះគឺខ្លាំងជាងកម្រិតមធ្យម។ ចំណុចទី៣នោះគឺ ខ្ញុំបានទៅតាមដាននៅសាលាក្តីខ្មែរក្រហម។ ៥ថ្ងៃក្រោយមក ខ្ញុំបានទៅផឹកកាហ្វេនៅហាងមួយ ហើយបានជួបជាមួយនឹងមេធាវីជនជាតិហូរឡង់ម្នាក់។ គាត់បានប្រាប់ខ្ញុំថា អ្វីដែលលោក នួន ជា និងអ្វីដែលសាក្សីរបស់ នួន ជា និយាយនៅក្នុងសាលាក្តីគឺជារឿងត្រឹមត្រូវ។

កាលពីឆ្នាំ២០០៧ លោកបណ្ឌិតបានផ្តល់បទសម្ភាសន៍មួយដល់ New Mandala។ នៅក្នុងបទសម្ភាសន៍នោះ លោកបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រសម័យទំនើបរបស់កម្ពុជានៅតែមិនត្រូវបានគេបង្រៀននៅតាមសាលារៀនក្នុងប្រទេសកម្ពុជានៅឡើយទេ ដោយលោកលើកឡើងថា ពីព្រោះវាគឺជារឿងដ៏ចម្រូងចម្រាស។ ប្រសិនបើលោកជាអ្នករៀបចំកម្មវិធីសិក្សានៅតាមសាលារៀននៅកម្ពុជា តើចំណុចណាខ្លះនៃប្រវត្តិសាស្រ្តសម័យទំនើបរបស់ខ្មែរ ដែលលោកចង់ដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំងនោះ?

ខ្ញុំគិតថា អ្នកមិនគ្រាន់តែបង្រៀនអំពីសម័យអង្គរ និងសម័យសម្តេចនរោត្តម សីហនុនោះទេ ពីព្រោះកម្ពុជាមិនមែនមានតែសម័យអង្គរ និងសម័យសម្តេចនរោត្តម សីហនុជាប្រវត្តិសាស្ត្រនោះទេ។ ចំណែកឯរបបខ្មែរក្រហមវិញ មិនមានបង្រៀននៅតាមសាលាទាល់តែសោះ។ អ្នកអាចទុកសៀវភៅរបស់ខ្ញុំជាគំរូមួយ។ សរសេរសៀវភៅអំពីប្រវត្តិសាស្ត្រកម្ពុជាបន្ថែមទៀតឲ្យច្រើនជាងអ្វី ដែលខ្ញុំបានសរសេរនៅក្នុងសៀវភៅរបស់ខ្ញុំ។ សរសេរសៀវភៅបន្ថែមអំពីប្រវត្តិសាស្រ្តកម្ពុជានៅទសវត្សរ៍១៩៥០ ទសវត្សរ៍១៩៦០ និង១៩៧០។ មានរឿងធំៗជាច្រើនដែលកើតឡើងនៅពេលនោះ។ ខ្ញុំគិតថា កូនខ្មែរគួរតែដឹងអំពីរឿងរ៉ាវដែលបានកើតឡើងក្នុងសម័យអាណានិគមនិយមបារាំង ដូចដែលខ្ញុំបានសរសេរក្នុងសៀវភៅរបស់ខ្ញុំ អ្វីដែលពួកបារាំងបានព្យាយាមធ្វើ ហេតុអ្វីបានជាពួកគេល្អ ហើយហេតុអ្វីបានជាពួកគេមិនល្អ។ ថ្វីដ្បិតតែមិនកើតក្នុងសម័យនោះក៏ពិតមែន ប៉ុន្តែអ្នកអាចបង្រៀនពីប្រវត្តិសាស្ត្រក្នុងសម័យនោះបាន។ អ្នកគ្រាន់តែត្រូវប្រុងប្រយ័ត្នបន្តិចតែប៉ុណ្ណោះ៕

ប្រភពៈ VOA

កុមារ​រាប់​លាន​នាក់​មិន​បាន​ទទួល​ការ​អប់រំ​នៅ​សាលា​រៀន

$
0
0

របាយការណ៍ថ្មីមួយបានបង្ហាញថា កុមាររាប់លាននាក់នៅទូទាំងពិភពលោកមិនបានចូលរៀនឡើយ ដោយសារតែមានការរើសអើង ថ្លៃសិក្សាខ្ពស់ ការរំលោភបំពាននិងអំពើហិង្សា បូករួមទាំងការបៀតបៀនផ្លូវភេទជាដើម។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ចេញលទ្ធផលនៃការរកឃើញនេះនៅមុនពេលកិច្ចប្រជុំអន្តរជាតិស្តីពីការអប់រំក្នុងខែមិថុនានៅប្រទេសន័រវែស។

របាយការណ៍ដែលមាន៨៥ទំព័រ និងមានចំណងជើងថា ឱនភាពនៃវិស័យអប់រំ បង្ហាញអំពី «បរាជ័យក្នុងការការពារ និងការបំពេញសិទ្ធិទទួលបានការអប់រំ»។ លទ្ធផលក្នុងរបាយការណ៍ការនេះផ្អែកលើការស្រាវជ្រាវក្នុងប្រទេសជាង៤០។ នាង Elin Martinez ដែលជាអ្នកស្រាវជ្រាវអំពីសិទ្ធិកុមារនៃអង្គការ ឃ្លាំមើលសិទ្ធិមនុស្សនិយាយថា៖ «យើងកំពុងនិយាយអំពីកុមារ និងក្មេងជំទង់ជាង១២០លាននាក់ដែលមិនទាន់បានចូលរៀននៅឡើយ។ តាមរយៈការព្យាករណ៍ជាសកល កុមារមួយចំនួនក្នុងចំណោមពួកគេប្រហែលមិនដែលបានចូលរៀនទាល់តែសោះ ដែលក្នុងនោះក្មេងស្រីជាង៣១លាននាក់ ដែលបានបោះបង់ចោលការសិក្សាពីព្រោះតែកង្វះធនធាន និងឆន្ទៈនយោបាយ»។

នាង Martinez និយាយថា តួលេខផ្លូវការរបស់ អ.ស.ប. ដែលថាមានតែកុមារ ១២៤លាននាក់ប៉ុណ្ណោះមិនបានចូលរៀននោះ គឺអាចជាតួលេខដែលទាបពេកហើយ។ នាងបន្តថា រដ្ឋាភិបាលនៃប្រទេសជាច្រើនមិនមានលទ្ធភាពប្រមូលព័ត៌មានជាក់លាក់នៃចំនួនកុមារ និងមូលហេតុដែលកុមារខកខានមិនបានចូលរៀនទេ។

មានកុមារជាច្រើនទៀតដែលយើងមិនទាន់រកឃើញនៅឡើយ បើទោះជាតួលេខនេះធំក៏ដោយ ពីព្រោះការរើសអើងកំពុងតែកើតឡើងក្នុងប្រទេសផ្សេងៗទៀតជាច្រើនដែលមិនចាំបាច់ត្រូវកត់ត្រាក្នុងកម្រិតសកលទេ។ ហើយក្នុងករណីបែបនេះមានកុមាររាប់លាននាក់។ ឧទាហរណ៍ ដូចជាករណីនៅប្រទេសអាហ្វ្រិកខាងត្បូង ការស្រាវជ្រាវបានរកឃើញថា កុមារដែលពិការជាងកន្លះលាននាក់មិនបានចូលរៀនទេ។ ករណីនេះគឺវាកើតឡើងក្នុងប្រទេសដែលបានប្រកាសថា ខ្លួនបានសម្រេចបានគោលដៅការអប់រំកម្រិតបឋមសិក្សាសាកល នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍។

របាយការណ៍ដដែលនេះក៏បានរិះគន់លើការដាក់ទណ្ឌកម្មលើរាងកាយផងដែរ ដោយហៅការដាក់ទណ្ឌកម្មបែបនេះថាជា «ការធ្វើឲ្យបាត់បង់តម្លៃ ហើយស្មើនឹងការដាក់ទារុណកម្ម» ដូច្នោះដែរ។ របាយកាណ៍នោះក៏បានបង្ហាញដែរថា ប្រព័ន្ធបែបនេះបាន «រីករាលដាលក្នុងប្រទេសជាច្រើន រួមមាន តង់សានី អាហ្រ្វិកខាងត្បូង និងបណ្តារដ្ឋជាច្រើននៅសហរដ្ឋអាមេរិក»។

នាង Martinez និយាយថា ឧបសគ្គចម្បងមួយទៀតនៃវិស័យអប់រំគឺបញ្ហាហិរញ្ញវត្ថុ។

ថ្លៃសិក្សាគឺជាឧបសគ្គដ៏ធំធេងមួយសម្រាប់កុមាររាប់លាននាក់។ កុមារភាគច្រើនដែលយើងបានសម្ភាស គឺក្រុមកុមារមកពីគ្រួសារក្រីក្រ ឬកុមារដែលប្រឈមមុខនឹងការហាមឲ្យចូលរៀនដោយហេតុតែពួកគេរស់នៅក្នុងក្រុមណាមួយ។ ពួកគេនៅតែប្រឈមនឹងការបង់ថ្លៃសិក្សា បើទោះជាគ្រប់ប្រទេសទាំងអស់ដែលបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញាអន្តរជាតិនានា ដែលបានចែងបំបាត់ការបង់ថ្លៃសិក្សានៅកម្រិតអប់រំបឋមសិក្សាយ៉ាងណាក្តី។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបង្ហាញថា កុមារីប្រឈមឧបសគ្គរាប់ជំពូកក្នុងការសិក្សា។ ឧបសគ្គទាំងនោះរួមមានទាំង «ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាដោយគ្រូបង្រៀន និងមិត្តភក្តិ ការធ្វើតេស្តមើលព្រហ្មចារី ការធ្វើតេស្តមើលការមានផ្ទៃពោះដែលច្បាប់កណត់ កង្វះសម្ភារបរិក្ខាសម្រាប់រក្សាការសម្ងាត់ពេលមករដូវ ភាពថ្លៃថ្នូរ និងការរៀបការនៅវ័យក្មេង»។

កុមារដែលឆាប់រៀបការភាគច្រើនជាកុមារី ដែលឱពុកម្តាយពួកគេចាប់រៀបការដោយសារពួកគាត់មិនអាចផ្គត់ផ្គង់ការសិក្សាកូនៗរបស់គាត់ និងគិតថាពួកគាត់អាចកាត់បន្ថយការចំណាយបានខ្លះដោយការរៀបការកូនៗទាំងនោះ។ យើងបានរកឃើញករណីបែបនេះក្នុងប្រទេសជាច្រើន ដូចជាប្រទេសឥណ្ឌូនេស៊ី សហរដ្ឋអាមេរិក និងនៅប្រទេសតង់សានី។

គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អ.ស.ប.ថ្មី (SDGs) បានប្រកាសឲ្យមាន «ការធានាបាននូវការអប់រំសម្រាប់ទាំងអស់គ្នាប្រកបដោយគុណភាព និងបរិយាប័ន្នត្រឹមឆ្នាំ២០៣០»។ គោលដៅនេះ គឺជាលើកទីមួយហើយដែលបានកំណត់យកការអប់រំកម្រិតមធ្យមសិក្សាជាទិសដៅសកល។ ប៉ុន្តែអ្នកស្រី Martinez និយាយថា ការបេ្តជ្ញាចិត្តជាច្រើនក៏ត្រូវធ្វើឲ្យបានសម្រេចនៅមុនពេលដែលគោលដៅអភវិឌ្ឍន៍ប្រកបដោយចីរភាពអាចសម្រេចបាន។

ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក បានចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ លើកលែងតែសហរដ្ឋអាមេរិក។ អនុសញ្ញានេះ បានចែងយ៉ាងច្បាស់ថា កុមារទាំងអស់មានសិទ្ធិក្នុងការទទួលបានការអប់រំកម្រិតបឋមសិក្សាដោយឥតគិតថ្លៃនិងជាកាតព្វកិច្ច។ កុមារទាំងនោះក៏មានសិទ្ធិទទួលបានការអប់រំកម្រិតមធ្យមសិក្សា ហើយប្រទេសនីមួយៗត្រូវធានាឲ្យមានការអប់រំ និងឥតគិតថ្លៃជាបន្តបន្ទាប់ ដល់កុមារទាំងអស់ក្នុងទឹកដីរបស់ខ្លួន។

របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានបង្ហាញដែរថា ប្រទេសដែលមានប្រាក់ចំណូលខ្ពស់ និងមធ្យម បាន«បង្កើតឧបសគ្គដល់ការទទួលបានការអប់រំតាមរយៈការអនុវត្តបែបរើសអើងលើកុមារជនជាតិភាគតិច ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ ក៏ដូចជាកុមារីកុមារាស្រឡាញ់មនុស្សភេទដូចគ្នា កុមារស្រឡាញ់ភេទទាំងពីរ និងកុមារដែលវះកាត់ប្តូរភេទ។

កិច្ចប្រជុំកំពូលភាពជាដៃគូសកលសម្រាប់ការអប់រំ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១៣ ដល់ទី១៦ ខែមិថុនា នៅប្រទេសន័រវែស៕

ប្រភពៈ VOA

បញ្ញវន្ត៖ ការ​សិក្សា​កម្រិត​​ឧត្តម​សិក្សា​នៅ​កម្ពុជា​ខ្វះ​ការ​ស្រាវជ្រាវ

$
0
0

នៅក្នុងប្រទេសអភិវឌ្ឍន៍ សាស្ត្រាចារ្យតម្រូវឲ្យធ្វើការស្រាវជ្រាវដើម្បីទទួលបានការឡើងតំណែង និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយគោលការណ៍លើកទឹកចិត្តបែបនេះមិនទាន់បានអនុវត្តនៅកម្ពុជានោះទេ។

កង្វះការស្រាវជ្រាវក្នុងចំណោមសាស្ត្រាចារ្យ មហាវិទ្យាល័យគឺជាមូលហេតុចម្បងមួយ ដែលធ្វើឲ្យការរីកចម្រើនវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជានៅមានកម្រិតទាបនៅឡើយ បើធៀបនឹងប្រទេសអភិវឌ្ឍ។ កង្វះខាតថវិកាគាំទ្រ លទ្ធភាពតិចតួចក្នុងការចុះផ្សាយអត្ថបទស្រាវជ្រាវ និងកង្វះយន្តការជាក់លាក់ដើម្បីធានាដល់ការស្រាវជ្រាវគឺជាបញ្ហាប្រឈមចម្បងៗរបស់អ្នកស្រាវជ្រាវនៅកម្ពុជា។

បើទោះជាបច្ចុប្បន្ននេះចំនួនគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជាមានការកើនឡើងដល់១៦២គ្រឹះស្ថានទូទាំងប្រទេសយ៉ាងណាក្តី ក៏ការរីកចម្រើនខាងវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជានៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសអភិវឌ្ឍ។ ជាពិសេសគឺកង្វះការស្រាវជ្រាវក្នុងចំណោមសាស្ត្រាចារ្យឧត្តមសិក្សា។ នេះបើតាមការលើកឡើងដោយបញ្ញវន្ត និងអ្នកស្រាវជ្រាវនៅកម្ពុជា។

លោករស់ វុទ្ធថា វ័យ២៧ឆ្នាំជាសាស្ត្រាចារ្យ និងជាអ្នកសម្របសម្រួលកម្មវិធីបរិញ្ញាបត្រនៃវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា តួនាទីរបស់សាស្ត្រាចារ្យមហាវិទ្យាល័យមាន៣សំខាន់គឺការបង្រៀន ការផ្តល់សេវាកម្មអប់រំ និងការធ្វើការស្រាវជ្រាវ។ ក៏ប៉ុន្តែ ការស្រាវជ្រាវនាពេលនេះនៅមិនទាន់ជាអាទិភាពនៅឡើយនោះទេ។

«សាលាយើងភាគច្រើនយើងមិនទាន់ចាត់ទុកថា ជា Research University (សាកលវិទ្យាល័យស្រាវជ្រាវ) នោះទេ។ Requirement (តម្រូវការ) យើងសំខាន់ជាងគេគឺបង្រៀន។ ចំណូលរបស់សាលាធំគឺបានមកពីបង្រៀន អញ្ចឹងសេវាកម្មដែលយើងផ្តល់ឲ្យគឺបង្រៀនសិស្ស។ តែមិនមែនថា អត់មាន Research (ស្រាវជ្រាវ)សោះទេ. យើងមានដែរ តែវាតូចៗ»។

បើតាមលោករស់ វុទ្ធថា បញ្ហាប្រឈមសំខាន់ៗចំពោះការស្រាវជ្រាវរួមមាន កង្វះខាតថវិកាគាំទ្រ និងលទ្ធភាពចុះផ្សាយអត្ថបទស្រាវជ្រាវទាំងនោះ។ ជាទូទៅអ្នកស្រាវជ្រាវខ្មែរត្រូវស្រាវជ្រាវរួមគ្នាជាមួយបរទេសដើម្បីបានចុះផ្សាយអត្ថបទស្រាវជ្រាវទាំងនោះ។

«អ្នកណាក៏គិតថា វាសំខាន់ ហើយផ្ដល់តម្លៃឲ្យវាដែរ។ តែសួរថា យើងអាចធ្វើបានដល់កម្រិតណា គឺជារឿងដែលយើងត្រូវគិត»។

លោកបណ្ឌិត ដេត សុខឧត្ដម ជាអ្នកស្រាវជ្រាវ និងជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា បានទទួលស្គាល់បញ្ហាខ្វះខាតមូលនិធិស្រាវជ្រាវ ក៏ប៉ុន្តែលោកថា អ្នកស្រាវជ្រាវទាំងនោះក៏អាចស្វែងរកមូលនិធិគាំទ្រការស្រាវជ្រាវពីស្ថាប័ន ឬអង្គការអន្តរជាតិនានាដែលធ្វើការទៅលើប្រធានបទស្រដៀងគ្នានោះដែរ។

លោកនិយាយថា នៅក្នុងប្រទេសអភិវឌ្ឍន៍ សាស្ត្រាចារ្យតម្រូវឲ្យធ្វើការស្រាវជ្រាវដើម្បីទទួលបានការឡើងតំណែង និងទទួលបានប្រាក់បៀវត្សខ្ពស់ ហើយគោលការណ៍លើកទឹកចិត្តបែបនេះមិនទាន់បានអនុវត្តនៅកម្ពុជានោះទេ។

លោកដេត សុខឧត្ដមបញ្ជាក់ប្រាប់ VOA ថា ការស្រាវជ្រាវរបស់សាស្ត្រាចារ្យជារឿងសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសមត្ថភាពខ្លួន និងដើម្បីតាមឲ្យទាន់ស្ថានភាពសង្គម និងពិភពលោកដែលមានការវិវឌ្ឍយ៉ាងឆាប់រហ័សនោះ។

«អ្វីដែលយើងចែករំលែកទៅសិស្សគឺត្រូវតែថ្មី ត្រូវតែមានទំនើបកម្មទៅនឹងអ្វីដែលគេរកឃើញថ្មី។ កាលណាតែយើងជាសាស្ត្រាចារ្យ ជាបញ្ញវន្តហើយ យើងមិនអាចដកខ្លួនចេញពីការស្រាវជ្រាវបានទេ ព្រោះវាជាការទទួលខុសត្រូវរបស់យើង។ តែយើងដកខ្លួនចេញ ចំណេះដឹងដែលយើងមានទាំងប៉ុន្មានទៅជាចាស់។

ឧទាហរណ៍ថា យើងបង្រៀនផ្នែកទំនាក់ទំនងអន្តរជាតិ៤ឆ្នាំមុន យើងនិយាយរឿង al-Qaida មកដល់លើកនេះ យើងត្រូវតែនិយាយរឿង ISIS»។

របាយការណ៍របស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព CICP ចំណងជើងថា «ការស្រាវជ្រាវនៅកម្ពុជាបង្កើតគំរូដើម្បីកសាងសមត្ថភាព» បានលើកឡើងថា ចំនួនអ្នកចាប់អារម្មណ៍ទៅលើការស្រាវជ្រាវមានការកើនឡើង។ ប៉ុន្តែឆន្ទៈរបស់ពួកគេត្រូវរងសម្ពាធហិរញ្ញវត្ថុ និងទំហំការងារច្រើនពេកដែលធ្វើឲ្យសាស្ត្រាចារ្យទាំងនោះគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ។

របាយការណ៍នេះដែលចេញផ្សាយកាលពីខែមិនាឆ្នាំ២០១៦ បានលើកឡើងថា ជាទូទៅហិរញ្ញវត្ថុ ដែលគាំទ្រការស្រាវជ្រាវរបស់កម្មវិធី ឬអង្គការអន្តរជាតិ តែងតែទាមទារឲ្យអ្នកស្រាវជ្រាវសម្របខ្លឹមសារស្រាវជ្រាវរបស់ខ្លួនទៅតាមលក្ខខណ្ឌ ឬតម្រូវការរបស់កម្មវិធីទាំងនេះ។

លោកពូ សុវចនា ជានាយករងនៃវិទ្យាស្ថាន CICP បានឲ្យដឹងថា កម្ពុជាមានគោលនយោបាយជំរុញការស្រាវជ្រាវខ្លះដែរ ក៏ប៉ុន្តែនៅខ្វះការអនុវត្តជាក់ស្តែង ពោលគឺខ្វះយន្តការវាយតម្លៃគុណភាពអប់រំជាក់លាក់ពីក្រសួងអប់រំ និងគ្រឹះស្ថានអប់រំផ្ទាល់តែម្តង។

«Vision របស់ក្រសួងអប់រំឆ្នាំ២០៣០បានលើកឡើងថា យើងត្រូវតែវាយតម្លៃ និងធ្វើឲ្យការស្រាវជ្រាវហ្នឹងក្លាយជាអាទិភាពដើម្បីកសាងជាតិ។ ប៉ុន្តែភាពជាក់ស្តែងមិនមែនអញ្ចឹងទេ។ វាមានគម្លាតនៃការសរសេរ និងភាពជាក់ស្តែង។ ប្រទេសណាក៏ដោយ បើអត់មានការស្រាវជ្រាវស៊ីជម្រៅទេ ប្រទេសនោះក៏អត់មានការរីកចម្រើនគង់វង្សដែរ លុះត្រាតែយើងយកការស្រាវជ្រាវជាអាទិភាព»។

កាលពីឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពីចក្ខុវិស័យឧត្តមសិក្សាឆ្នាំ២០៣០ ដើម្បីលើកកម្ពស់គុណភាពអប់រំថ្នាក់ឧត្តមសិក្សាទាំងការសិក្សា ការបង្រៀន និងការស្រាវជ្រាវ។

លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានទទួលស្គាល់ពីសារៈសំខាន់នៃការស្រាវជ្រាវរបស់សាស្ត្រាចារ្យមហាវិទ្យាល័យ។ ក៏ប៉ុន្តែលោកថា ប្រទេសកំពុងអភិវឌ្ឍ រួមទាំងកម្ពុជាផងនោះ មិនសូវមានទម្លាប់សកម្មក្នុងការស្រាវជ្រាវដូចប្រទេសអភិវឌ្ឍនោះទេ។

«សាស្ត្រាចារ្យដែលបង្រៀនទាមទារឲ្យមានការស្រាវជ្រាវ ព្រោះនៅក្នុងបរិបទនៃ ការអប់រំថ្នាក់ឧត្ដមសិក្សានេះ គឺពីមួយឆ្នាំទៅឆ្នាំ មុខវិជ្ជាដែលគាត់បង្រៀនមានការប្រែប្រួល ឬមានការរកឃើញ និង Case Study ថ្មីៗ ដើម្បីភ្ជាប់ជាអំណះអំណាងទៅនឹងទ្រឹស្ដីដែលគាត់បង្រៀន។ ជារួម ចក្ខុវិស័យនេះ ហាក់ដូចជាត្រីវិស័យ ដែលឲ្យគ្រឹះស្ថានអប់រំទាំងអស់នោះអភិវឌ្ឍខ្លួនតាមទិសដៅមួយជាវិជ្ជមានដើម្បីបង្កើនគុណភាពសេវាអប់រំ និងបង្កើនសមត្ថភាពនិស្សិតផង»។

កត្តាសំខាន់មួយទៀតដែលរួមចំណែកធ្វើឲ្យរាំងស្ទះដល់ការលូតលាស់នៃការស្រាវជ្រាវនៅកម្ពុជាគឺការរឹតត្បិតចំពោះការស្រាវជ្រាវទាក់ទងនឹងប្រធានបទចម្រូងចម្រាស ជាអាទិបញ្ហាដីធ្លី អំពើពុករលួយ អយុត្តិធម៌សង្គម បញ្ហាព្រំដែន និងនយោបាយជាដើម៕

ប្រភពៈ VOA

លោក​គ្រូ អ៊ុន សារៀន៖ លុយ​មិន​សំខាន់​ដូច​ការ​លូតលាស់​របស់​សហគមន៍

$
0
0

ពោធិ៍សាត់: ផ្ដើមពីសន្តានចិត្ដនឹកអាណិតដល់កុមារតូចៗដែលគ្មានឱកាសបានក្រេបជញ្ជក់ចំណេះវិជ្ជា និងស្វែងរកពន្លឺជីវិតក្នុងភូមិដាច់ស្រយាលនៃខេត្ដពោធិ៍សាត់សាលារៀនគ្មានឈ្មោះគ្មានក្របខ័ណ្ឌបានចាប់បដិសន្ធិលើដីសហគមន៍ក្រោមគំនិតផ្ដួចផ្ដើមពីចាស់ព្រឹទ្ធាចារ្យ និងជាគ្រូបង្រៀនគ្មានប្រាក់បៀវត្សរ៍។

សាលាមត្ដេយ្យ និងបឋមសិក្សាតែមួយបន្ទប់គត់នៅភូមិត្រាំដុំ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវកៅស៊ូត្រង់បង្គោលគីឡូម៉ែត្រលេខ ២៣ បានកើតចេញជារូបរាងលើដីសហគមន៍ស្រោបជញ្ជាំងឈើតែពីរជ្រុង និងប្រក់ដំបូលស័ង្កសី ទំហំ ៣ x ៥ ម៉ែត្រនៅដើមឆ្នាំ ២០១៤។

មុខមាត់ប្រឡាក់ប្រឡូសក្អែលដីសម្លៀកបំពាក់ចម្រុះរខេករខាកខ្លះខ្វះឡេវបិទភ្ជិតអាវឲ្យសមរម្យ ខ្វះសម្ភារសិក្សា រួមទាំងប៊ិក សៀវភៅ ខ្មៅដៃ ឬកាបូបស្ពាយ និងគ្មានស្បែកជើង សិស្សានុសិស្សពីថ្នាក់មត្ដេយ្យដល់ថ្នាក់ទី ១ អាយុចន្លោះពី ៤ ទៅ ១៣ ឆ្នាំជាកូនចៅរបស់ប្រជាសហគមន៍ភូមិត្រាំដុំ ដែលមានចំនួនជិត ១០០ គ្រួសារ ជាប់ព្រំដែនស្រុកក្រគរ កំពុងសម្លឹងក្នុងកែវភ្នែករហង់ត្រងត្រាប់ស្ដាប់គ្រូពន្យល់មេរៀន។

ប្រភពៈ ភ្នំពេញប៉ុស្តិ៍

មន្រ្ដី​នៅ​ប្រតិភូ​​សហភាព​អឺរ៉ុប​ប្រ​ចាំកម្ពុជា ​ប្រាប់​គន្លឹះ​ស្នើរ​សុំ​អាហារូបករណ៍​ឲ្យ​មាន​ប្រសិទ្ធ​ភាព​

$
0
0

ភ្នំពេញៈ ជារឿយៗ មានសិស្ស-និស្សិត ជាច្រើនបានត្អូញត្អែរពីភាពលំបាកក្នុងការដាក់ពាក្យស្នើរសុំអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យនានានៅក្រៅប្រទេស។ ជាពិសេសចំពោះអ្នកដែលដាក់ពាក្យហើយ ប៉ុន្តែមិនទទួលបានជោគជ័យ។

LIFT បានជួបសម្ភាសជាមួយ លោក ប៊ូ នឿន មន្រ្ដីកម្មវិធី ផ្នែកអប់រំ សុខភាព និង អភិវឌ្ឍន៍សង្គម នៅក្នុងប្រតិភូនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ពីគន្លះសម្រាប់ការដាក់ពាក្យស្នើរសុំអាហារូបករណ៍ឲ្យទទួលបានជោគជ័យបន្ថែមទៀត។

លោក ប៊ូ នឿន ថ្លែងថា ជាទូទៅដើម្បីដាក់ពាក្យស្នើសុំអាហារូបករណ៍ ឲ្យទទួលបានប្រសិទ្ធភាព មាន ៦ ចំណុចសំខាន់ៗ។

១. ត្រូវពង្រឹងលើភាសា (ភាសាអង់គ្លេស) ELTS ឬ TOEFL យ៉ាងហោចណាស់ក៏ត្រូវមានពិន្ទុចំពោះចំណេះដឹងភាសាអង់គ្លេសនេះ ៦.០០ ចុចដែរ។ ព្រោះការប្រឡង ឬដាក់ពាក្យស្នើរសុំអាហារូបករណ៍ គឺត្រូវការសំខាន់ចំណេះដឹងភាសាអង់គ្លេសនេះហើយ។

២. ការពង្រឹងសមត្ថភាពការសិក្សានៅសាកលវិទ្យាល័យឲ្យមានកម្រិតការសិក្សាល្អ (GPA) ខ្ពស់។ យើងត្រូវប្រឹងប្រែងសិក្សានៅក្នុងថ្នាក់ឲ្យមានកម្រិតពិន្ទុរល្អ (A,B) ជាដើម ដើម្បីផ្ដល់ភាពងាយស្រួលដល់កម្រិតសិក្សាបន្ដ។

៣.ការបញ្ជាក់បុគ្គលិកលក្ខណៈនៃការសិក្សាពីសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យដែលយើងបានសិក្សា។ ត្រូវមានទំនាក់ទំនងល្អ ជាមួយសាស្រ្ដាចារ្យនៅពេលសិក្សា ព្រោះការស្នើរសុំអាហារូបករណ៍ ការបញ្ជាក់ Recommendation នេះពិតជាមានប្រសិទ្ធភាពណាស់ដើម្បីទទួលបានប្រសិទ្ធភាព។

៤.ការចំណាយពេលធ្វើកិច្ចការងារសង្គមដើម្បីទទួលបានបទពិសោធន៍ លោកបានលើកឡើងថា ការចូលរួមធ្វើសកម្មភាពសង្គម ពិតជាមានសារៈសំខាន់ណាស់ក្នុងការដាក់ពាក្យស្នើរសុំអាហារូបករណ៍។

លោកបន្ដថា៖ «ក្នុងនាមជានិស្សិត យើងអាចចូលរួមធ្វើកិច្ចការងារសង្គមផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានបទពិសោធន៍ ព្រោះការស្នើរសុំអាហារូបករណ៍ កិច្ចការងារសង្គមនេះពិតជាសំខាន់ណាស់»។

៥. ការប្ដេជ្ញាចិត្ដចំពោះការស្នើរសុំអាហារូបណ៍របស់យើងផ្ទាល់ (Motivation later) លោកបានពន្យល់ថា ការប្ដេជ្ញាចិត្ដនេះក៏សំខាន់ណាស់ដែរ ព្រោះគេនឹងសួរយើងថា មូលហេតុអ្វីបានជាយើងស្នើរសុំអាហារូបករណ៍នេះ លើមុខវិជ្ជានេះ។ តើនៅពេលយើងដែលបានអាហារូបករណ៍ទៅសិក្សាមុខវិជ្ជានេះហ្នឹងបានអ្វីត្រលប់មកវិញ។ តើការបន្ដសិក្សានេះអាចជួយអ្វីខ្លះដល់សង្គម និងប្រទេសជាតិយើង។

លោកថា៖«អញ្ចឹងលិខិតតាំងចិត្ដនេះ គឺសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍គណៈកម្មាការ»។

៦.ត្រូវមានទំនាក់ទំនងល្អជាមួយសិស្សច្បង់ចាស់ៗដែលធ្លាប់ទទួលបានអាហារូករណ៍ ដើម្បីដកស្រង់ពិសោធន៍ពីពួកគាត់។

លោកបានលើកឡើងថា៖«ការបង្កើនទំនាក់ទំនងជាមួយរៀមច្បងចាស់ៗនេះពិតជាសំខាន់ណាស់ ព្រោះពួកគាត់មានគំនិត និងបទពិសោធន៍ជាច្រើនចែករំលែកមកយើង»៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍


ក្រសួង​អប់រំ​ដាស់តឿន​​ សិស្ស​ប្រឡង​បាក់ឌុប​ឲ្យ​ប្រុង​ប្រយ័ត្ន

$
0
0

ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាអំពាវនាវជាថ្មីដល់បេក្ខជនប្រឡងបាក់ឌុប និងអាណាព្យាបាលឲ្យមានការប្រុងប្រយ័ត្នក្រែងចាញ់បោកបុគ្គលមួយចំនួនដែលផ្សព្វផ្សាយលក់វិញ្ញាសាប្រឡងបន្ទាប់ពីក្រសួងបានរកឃើញថាមានអ្នកបន្លំបង្កើតគណនីហ្វេសប៊ុកក្រសួងក្លែងក្លាយ។

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយពីថ្ងៃទី ៦ សីហា ២០១៦ ក្រសួងអប់រំឲ្យដឹងថាខ្លួនបានរកឃើញថាមានអ្នកលួចបង្កើតគណនីហ្វេសប៊ុកដោយដាក់ឈ្មោះរបស់ក្រសួង។ ក្រសួងបន្តថាក្នុងគណនីហ្វេសប៊ុកនោះបានដាក់ផ្សព្វផ្សាយលក់វិញ្ញាសាប្រឡងបាក់ឌុប និងជាពិសេសមានដាក់លេខទូរស័ព្ទសម្រាប់ទាក់ទងផង។

បើតាមសេចក្តីប្រកាសព័ត៌មាននោះក្រសួងថាខ្លួនមានគណនីហ្វេសប៊ុកផ្លូវការតែមួយគត់ដែលមានអ្នកចុច Like ចំនួន ១,២ លាននាក់។ បើតាមសេចក្តីប្រកាសព័ត៌មានក្រសួងកំពុងសហការជាមួយសមត្ថកិច្ចវែកមុខអ្នកដែលបង្កើតគណនីហ្វេសប៊ុកក្រសួងក្លែងក្លាយនេះដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។

ក្រសួងបានអំពាវនាវឲ្យបេក្ខជនប្រឡងបាក់ឌុប និងអាណាព្យាបាលទាំងអស់ត្រូវជឿលើប្រភពព័ត៌មានណាដែលច្បាស់ការ និងត្រូវតាមដានព័ត៌មានហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំដើម្បីចៀសវាងការចាញ់បោកជនខិលខូចនាំឲ្យខាតបង់ថវិកា។

អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បានឲ្យដឹងពីម្សិលមិញថាក្រសួងកំពុងតែបន្តធ្វើការតាមដាន និងស្វែងរកបុគ្គលដែលបង្កើតទំព័រហ្វេសប៊ុករបស់ក្រសួងក្លែងក្លាយទាំងនេះ។

ទោះយ៉ាងណាក្តីលោកក៏បានបង្ហាញសុទិដ្ឋិនិយមថាទាំងបេក្ខជនប្រឡង និងអាណាព្យាបាលនឹងមិនធ្លាក់ខ្លួនចាញ់បោកបុគ្គលឆបោកមួយចំនួននោះទេដោយថាពួកគាត់បានដឹងពីនីតិវិធីរបស់ក្រសួងដែលបានធ្វើនៅក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះរួចមកហើយ។

កាលបរិច្ឆេទសម្រាប់ការប្រឡងបាក់ឌុបគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ និងមានបេក្ខជន និងបេក្ខនារីចូលរួមប្រឡងចំនួន ៩ ម៉ឺននាក់ហើយក្នុងឆ្នាំនេះគ្មានការប្រឡងលើកទី ២ ដូចឆ្នាំមុននោះទេ។

ក្រសួងអប់រំក៏បានព្រមានផងដែរថាលោកគ្រូ អ្នកគ្រូដែលជាអនុរក្សអាចប្រឈមនឹងទោសជាប់ពន្ធនាគារមួយឆ្នាំចំពោះការទទួលប្រាក់សំណូកពីបេក្ខជនប្រឡងជាថ្នូរក្នុងការអនុញ្ញាតឲ្យអ្នកទាំងនោះលួចចម្លងគ្នា ឬលួចចម្លងឯកសារផ្សេងៗ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

យុវតី​កម្ពុជា​ម្នាក់​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១​ ទូ​ទាំង​ពិភពលោក​លើ​មុខ​វិជ្ជា​ គ្រប់គ្រង​ហិរញ្ញវត្ថុ​

$
0
0

ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិគណនេយ្យ នៅព្រឹកថ្ងៃ សុក្រ ទី១២សីហា នេះ បានធ្វើសន្និសីទសារព័ត៌មានអប់អរសាទរជ័យលាភី យុវតីកម្ពុជាម្នាក់បានប្រឡងជាប់ចំណាក់ថ្នាក់លេខ១ ទូទាំងពិភពលោកនៅក្នុងចំណោមបេក្ខជនប្រឡងចូលរួម ១៨៣ ប្រទេស លើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ ពីសមាគមគណនេយ្យករ ជំនាញរបស់ចក្រភពអង់គ្លេស (ACCA) ។

និស្សិតឆ្នាំទី៣ ជំនាញគណនេយ្យ នៃវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល កញ្ញា សុង ពេជ្រប៉ូលីន ទទួលបានពិន្ទុលើសគេក្នុងចំណោមបេក្ខជនរាប់ពាន់នាក់ទូទាំងពិភពលោកគឺ ៩៧ ពិន្ទុ ជាវិញ្ញាសារសរសេរ លើមុខវិជ្ជាគ្រប់គ្រងហិរញ្ញវត្ថុ។
អ្នករស់នៅក្នុងរាជធានីភ្នំពេញ កញ្ញា ពេជ្រប៉ូលីន សម្តែងក្តីរំភើបយ៉ាងខ្លាំងចំពោះជ័យលាភីលេខ១របស់កញ្ញា។

កញ្ញា បន្តថា អ្វីដែលធ្វើឲ្យកញ្ញាប្រឡងជាប់លេខ១គឺ កញ្ញាខិតខំប្រឹងប្រែងអាន ស្រាវជ្រាវ និងស្វ័យសិក្សា រួមផ្សំទាំងចំណេះដឹងភាសាអង់គ្លេសផងដែរ។

និស្សិតជ័យលាភីលេខ១រូបនេះ បានអះអាងថា ប្រទេសកម្ពុជានឹងត្រូវបានពិភពលោកស្គាល់កាន់តែច្រើន ដោយសារ កញ្ញាជានិស្សិតកម្ពុជាដំបូងគេដែលទទួលបានជ័យលាភីលេខ ១ ផ្នែកគណនេយ្យ។ កញ្ញាសង្ឃឹមថា នឹងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជា។

កញ្ញា សុង ពេជ្រប៉ូលីន៖ «ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង …. ខ្ញុំសឹងតែអត់ជឿថាខ្ញុំជាប់លេខ១ ដោយសារខ្ញុំធ្លាប់ប្រឡងមុខវិជ្ជាផ្សេងៗនៅស្រុកខ្មែរ ក៏ខ្ញុំធ្លាប់បានលេខ១ដែរ ប៉ុន្តែពេលចំណាត់ថ្នាក់ជាសកលលោកអាចបានត្រឹមលេខ៣ ប៉ុណ្ណោះ»។
លោក ខេស៊ី បាណេង នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល បាននិយាយថា ជំនាញផ្នែកគណនេយ្យនាពេលបច្ចុប្បន្នគឺជានិន្នាការមួយជាសកលនៅតាមបណ្តាក្រុមហ៊ុនធំៗនៅលើពិភបលោក។

លោកបន្តថា ប្រសិនបើប្រទេសកម្ពុជាប្រើប្រាស់ស្តង់ដាគណនេយ្យអន្តរជាតិ ប្រទេសកម្ពុជានឹងទាក់ទាញ អ្នកវិនិយោគកាន់តែច្រើនឡើងៗ។

លោក បាណេង បន្តថា ជំនាញគណនេយ្យមានកើនឡើងជាលំដាប់បើប្រៀបធៀបទៅនិងមុខជំនាញផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ។

លោក ខេស៊ី បាណេង៖«យើងឃើញវិស័យហិរញ្ញវត្ថុមានកើនពីមួយឆ្នាំទៅមួយឆ្នាំ យ៉ាងច្រើនវាមានល្បឿនលូតលាស់ខ្លមាងជាងវិស័យផ្សេង។ យើងឃើញចំនួនបុគ្គលិក យើងឃើញការផ្សព្វផ្សាយការងារផ្នែកហិរញ្ញវត្ថុច្រើនជាងគេ។ ហើយគណនេយ្យជាបេះដូងរបស់ធានាគារ ក្រុមហ៊ុន ជាបេះនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងប្រកបដោយគុណភាព ប្រសិទ្ធិភាព សុវត្ថិភាព យើងចាំបាច់មានជំនាញកម្រិតខ្ពស់»។

ជាមួយគ្នានេះ និស្សិតកម្ពុជាចំនួន ៤ នាក់ផ្សេងទៀតដែលទទួលបានចំណាត់ថ្នាក់លេខ១ ទូទាំងពិភពលោក នៅក្នុងកម្មវិធី CPA និង CAT លើវិញ្ញាសារប្រឡងតាមកុំព្យូទ័ ចាប់តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០១៥ ក៏បានមកចូលរួមក្នុងកម្មវិធីនេះដែរ៕

ប្រភព៖ wmc.org.kh

បេក្ខជនប្រឡងបាក់ឌុប នៅព្រឹកមិញនេះ អវត្តមានសរុប១២០៧នាក់

$
0
0

(ភ្នំពេញ)៖ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦នេះ បានអវត្តមានសរុប១២០៧នាក់ ក្នុងស្រី៥០១នាក់។

គណនី Facebook ផ្លូវការរបស់ក្រសួងអប់រំ បានបញ្ជាក់ថា «ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទីមួយនេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គីមីវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ភូមិវិទ្យា និងប្រវត្តិវិទ្យា) មានបេក្ខជនអវត្តមានសរុប១២០៧នាក់ ស្រី៥០១នាក់ ដោយឡែកមានបេក្ខជន មានបញ្ហាសុខភាពមួយចំនួន ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម»។

ក្រសួងអប់រំ បានបន្ថែមថា ដំណើរការសំណេរសម្រាប់ព្រឹកថ្ងៃទីមួយ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ នៅតាមមណ្ឌលប្រឡងនីមួយៗ បានមានដំណើរការភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈកម្មការអនុរក្ស អ្នកសង្កេតការណ៍ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។ ដោយឡែក បេក្ខជនមានការគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែងធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បាននិងកំពុងប្រព្រឹត្តិរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥៕

ប្រភព៖ freshnewsasia

ជ័រឌុបបង្កប់ប្រ៊ុយយ៉ុងប្រឡងបាក់ឌុបត្រូវបានបែកធ្លាយ !

$
0
0

ជ័រលុបបង្កប់ប្រ៊ុយយ៉ុងប្រឡងបាក់ឌុបមួយ ត្រូវបានចាប់បាននៅឯមណ្ឌលប្រឡងសាលាបឋមសិក្សាស្គន់ ខេត្តកំពង់ចាម ។ នេះជាគំនិតច្នៃប្រឌិតខ្ពស់ សុំសរសើរ! ប៉ុន្តែ វាទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយពួកគេភាគច្រើនលើកឡើងពីភាពខ្ជិលច្រអូសរបស់សិស្សមួយចំនួនតូច ដែលពុំគិតខំរៀនសូត្រ ដើរតែលេង ធ្វើរឿងអសីលធម៌ក្នុងសង្គម! ហើយលទ្ធផលចុងក្រោយ មានតែវិធីមួយនេះ ដើម្បី “ជួយ” ពួកគេ ។

វាមិនមែនអាម៉ាសសម្រាប់តែខ្លួនឯងទេ តែវាធ្វើឲ្យអាប់ឱនដល់កិត្តិយសឪពុកម្តាយ ដែលពួកគាត់ខិតខំធ្វើការរកស៊ីដោយពុំគិតពីការនឿយហត់ ដើម្បីបានប្រាក់មកផ្គត់ជីវិតភាពគ្រួសារប្រចាំថ្ងៃ ក៏ដូចដើម្បីការសិក្សារបស់កូនៗផងដែរ ។ ហេតុដូច្នេះ សូមប្អូនៗទាំងឡាយ គួរតែគិតពិចារណាឡើងវិញ ព្រោះថា គ្មានអ្វីក្រៅពីការសិក្សាទេ ដែលនាំឲ្យយើងមានអនាគតល្អនោះ ៕

រូបភាព៖ (ប្រិយមិត្ត)

សិស្សឆ្នើមនិទ្ទេស A និង B នឹងទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យដែលល្បីជាងគេនៅកម្ពុជា

$
0
0

(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែក ក្នុងវិស័យអប់រំនៅកម្ពុជា និងដើម្បីលើកទឹកចិត្តដល់សិស្សពូកែ សាកលវិទ្យាល័យអាមេរិកាំង ភ្នំពេញ (AUPP) បានប្រកាសនៅថ្ងៃចន្ទ ទី២២ ខែសីហានេះថា AUPP នឹងផ្តល់អាហាររូបករណ៍ដល់សិស្សឆ្នើម ទាំងអស់ដែលទទួលបាននិទ្ទេស A ឬ B ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ថ្ងៃទី ២២-២៣ សីហានេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ AUPP បានឲ្យដឹងថា សិស្សដែលទទួលបាននិទ្ទេស A ពីការប្រឡងបាក់ឌុប នឹងទទួលបានអាហាររូបករណ៍ដែលមានតម្លៃ ៤៥០០ដុល្លារ (បួនពាន់ប្រាំរយដុល្លារ) ក្នុងមួយឆ្នាំសិក្សា រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ។ ដោយឡែកសិស្សដែលទទួលបាននិទ្ទេស B នឹងទទួលបានអាហាររូបករណ៍ដែលមានតម្លៃ ៣០០០ដុល្លារ (បីពាន់ប្រាំរយដុល្លារ) រហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ ។

ការផ្តល់អាហាររូបករណ៍នេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំង ទៅដល់សិស្សានុសិស្ស ដើម្បីផ្តល់ឱកាសឱ្យពួកគេ ទទួលបាននូវការអប់រំ ប្រកបដោយគុណភាព ហើយសញ្ញាបត្រត្រូវបាន ទទួលស្គាល់ជាសាកល។

AUPP ត្រូវបានគេទទួលស្គាល់ថា ជាគ្រឹះស្ថានឧត្តមសិក្សាលេចធ្លោរ ជាងគេនៅកម្ពុជា ទាំងគុណភាព និងស្តង់ដារ អន្តរជាតិ។ ហើយបន្ថែមលើនេះទៀត រហូតដល់ពេលនេះ AUPP បានចុះកិច្ចព្រមព្រៀង ជាមួយសាកលវិទ្យាល័យធំៗ ចំនួនពីរនៅសហរដ្ឋអាមេរិក សម្រាប់ការផ្តល់កម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees)។ សញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យ ដៃគូរនៅសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការសិក្សា ដោយជោគជ័យនៅ AUPP។

សម្រាប់ព័ត៌មានលម្អិត ចំពោះការផ្តល់អាហាររូបករណ៍នេះ សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១/ ០១២ ៨៩៨ ១២៤ ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh៕

ប្រភព៖ freshnewsasia

Viewing all 58 articles
Browse latest View live